អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានការរឹតបន្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គស្នងការរងនគរបាលជាតិ ប្រធាន-អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្នងការ-ស្នងការរងនគរបាលរាជធានី ខេត្តទាំង ២៥ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា យោងតាមរបាយការណ៍អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ពីមន្ត្រីជំនាញ ក្នុងរយៈពេល ០៦ខែនៃឆ្នាំ២០២៣ និងរយៈពេល ០៦ខែ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបទៅមានការថយចុះគួរឱ្យកត់សំគាល់ ប៉ុន្តែកិច្ចការងារពង្រឹងច្បាប់ចរាចរណ៍នេះនៅតែបន្ត ដើម្បីកុំឱ្យបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី-ខេត្ត មានការស្រពិចស្រពិល យល់ច្រឡំ ហើយអនុវត្តខុស ព្រោះថាការរៀបចំច្បាប់ចរាចរណ៍ គឺក្នុងន័យដើម្បីលុបបំបាត់នូវគ្រោះថ្នាក់ចរាចរណ៍ បង្កើននូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរក្នុងក្របខណ្ឌទូទាំងប្រទេស។ ឯកឧត្តម បន្តថា បន្ទាប់ពីចប់កិច្ចប្រជុំនេះទៅយើងទុករយៈពេល ៧ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយសិនមុនពេលយើងចុះអនុវត្តច្បាប់ ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋ។ ដោយមើលឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ទើបយើងប្រញាប់ប្រញាល់ដើម្បីពិនិត្យដាក់ចេញនូវគោលការណ៍ក្នុងការអនុវត្តបន្ត ដើម្បីឲ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តទៀតថា ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពនោះ មន្រ្តីជំនាញត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានទូលំទូលាយ ដោយគូសបញ្ជាក់អំពីគោលបំណងនៃការអនុវត្តច្បាប់ ។ ទន្ទឹមនោះ ក៏ត្រូវផ្សព្វផ្សាយដល់មន្រ្តីអនុវត្តច្បាប់របស់យើង នៅមិនទាន់យល់ទាំងអស់នោះទេ ដូចជាមន្រ្តីជាប់កិច្ចសន្យានៅរាជធានីភ្នំពេញ ដើម្បីឲ្យពួកគាត់យល់ដឹងពីការអនុវត្តច្បាប់យើងត្រូវធ្វើការបណ្តុះបណ្តាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់គ្រប់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ក៏ត្រូវគោរពវិន័យ បទបញ្ជា ពិសេសបំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព វិជ្ជាជីវៈ និងក្រមសីលធម៌។ ដោយឡែកស្នងការនគរបាលរាជធានី-ខេត្ត ដែលមានរោងចក្រច្រើន មានកម្មករ កម្មការរិនីរោងចក្រច្រើន ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រួលការធ្វើដំណើររបស់ពួកគាត់ ក្នុងករណីមានការធ្វេសប្រហែសមានគ្រោះថ្នាក់ អាចបង្កឱ្យមានអ្នកស្លាប់ និងរបួសច្រើន ជាក់ស្តែងខេត្តដែលមានរោងចក្រច្រើន មានដូចជាខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំងជាដើម។ ជាមួយគ្នានោះ ត្រូវបន្តពង្រឹងការសម្រួលចរាចរណ៍ដល់សិស្សានុសិស្សចេញចូលសាលារៀន ឱ្យបានជាប់ជាប្រចាំចាប់ពីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់កុំឱ្យមានគ្រោះថ្នាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការបង្ការ ទប់ស្កាត់នូវរាលបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន ត្រូវបង្កើនការត្រួតពិនិត្យ ការរក្សាទុកប្រើប្រាស់ ចែកចាយ នៅតាមក្លឹបកម្សាន្តនានា ដូចជានៅ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បឲ្យអ្នកដែលទៅលេងកម្សាន្តមានទំនុកចិត្តថាសុវត្ថិភាពគ្មានគ្រឿងញៀន៕