ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុ ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម ឲ្យបានលឿន

55

 

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) បានលឿន ពោលគឺអាចបង្កើតជាសហគ្រាសថ្មីមួយនៅថ្នាក់ក្រោមជាតិបាននៅក្នុងខែតុលាឬខែវិច្ឆិកាឆ្នាំ២០២៣ដ៏ខ្លីខាងមុខនេះ ។

ការជម្រុញបែបនេះបានធ្វើឡើង ខណៈលោកអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពាក់ព័ន្ធនិងការងារ នេះ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ប៉ាក សុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ក) និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងក្រសួងបរិស្ថាន,តំណាងក្រសួងមហាផ្ទៃ, សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ភ) តំណាងក្រសួងរ៉ែ និងថាមពល,ប្រធានរតនាគាររាជធានីភ្នំពេញ,ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញនិងអគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) នេះ គឺមានគោលបំណងអោយដំណើរការនៃការប្រមូល និងការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ បានកាន់តែល្អប្រសើរជាងមុន ដោយសារថា នៅភ្នំពេញ បច្ចុប្បន្ននេះ ប្រជាជនរស់នៅរបៀបស៊ីវីល័យ ដែលទាមទារអោយរាជធានីភ្នំពេញ ជាទីក្រុងស្អាតមានបរិស្ថានល្អ មិនមានសំរាមពាសវាលពាសកាល ។

លោកឃួង ស្រេង បានបន្តទៀតថា កិច្ចប្រជុំខាងលើនេះ គឺដើម្បីស្វែងរកនីតិវិធីនៃការផ្ទេរ មុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) អោយបានលឿន យ៉ាងយូរផ្ទេរអោយបានរួចរាល់ នៅក្នុងខែតុលាឬខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខ
នេះ ។

ដើម្បីអោយការងារនេះ ដំណើរការទៅបានលឿន លោកឃួង ស្រេង បានជម្រុញអោយ ក្រុមការងារបច្ចេកទេស , រតនាគារនិងក្រុមការងារពាក់ព័ន្ធចាប់ដៃគ្នា ទំនុកបំរុងគ្នា ធ្វើការនេះ ទើបសហគ្រាសថ្មីរបស់រដ្ឋនៅថ្នាក់ក្រោមជាតិមួយនេះ នឹងកើនមានឡើងបានលឿន។ សហគ្រាសនេះរកស៊ីបានតែត្រឹមរួចខ្លួនបានហើយ មិនបាច់ចំណេញក៏បានដែរ សំខាន់អោយតែរាជធានីភ្នំពេញរបស់យើងស្អាត និងមានបរិស្ថានល្អ៕

អត្ថបទដែលជាប់ទាក់ទង