ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សបង្កហិង្សាជាជើងកាងក្នុងវិទ្យាល័យបាក់ទូក ត្រូវសមត្ថកិច្ចអប់រំនិងឱ្យធ្វើកិច្ចសន្យា ឱ្យកែខ្លួនជាសិស្សល្អ

78

 

ភ្នំពេញ៖ សិស្សស្រី០១ក្រុមដែលរងការចោទប្រកាន់ជាជើងកាងក្នុងវិទ្យាល័យបាក់ទូក ដែលបានធ្វើហិង្សានិងគំរាមទៅលើសិស្សស្រី០១ក្រុមទៀត មានការភិភ័យមិនហ៊ានចូលរៀន បង្ហោះតាមបណ្តាញព័ត៌មានសង្គមត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលវាលវង់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ហៅមកសាកសួរហើយ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានកិត្តិយសជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ ក្រោយពីទទួលព័ត៌មានពីការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ករណីសិស្សស្រី០១ក្រុមរងការចោទប្រកាន់ថា ជាជើងកាងដែលបានវាយទៅលើសិស្ស០១ក្រុមទៀត នឹងគំរាមវាយបើហ៊ានចូលរៀននៅក្នុងវិទ្យាល័យបាក់ទូក ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ក្រុមសិស្សស្រីដែលរងការចោទប្រកាន់មានចំនួន០៥នាក់ និងសិស្សស្រីដែលរងគ្រោះចំនួន០២នាក់ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កោះហៅពួកគេឱ្យចូលខ្លួនដើម្បីសាកសួរបំភ្លឺជុំវិញរឿងរ៉ាវហេតុការនេះ។

លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ប្រាប់ឱ្យដឹងថា៖ ក្រោយមានករណីបង្ហោះព័ត៌មានជុំវិញបញ្ហាសិស្សស្រីខាងលើនៅវិទ្យាល័យបាក់ទូក ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួនណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាមកលោកដឹកនាំកម្លាំងដើម្បីស្រាវជ្រាវ។ ជាមួយគ្នានោះសមត្ថកិច្ចក៏បានកោះហៅសិស្សស្រីជាប់ពាក់ព័ន្ធចំនួនសរុប១១នាក់សុទ្ធតែនៅជាអនីតិជនឱ្យចូលខ្លួនមកបំភ្លឺ។ ក្នុងចំណោមទាំងសិស្ស១១នាក់គឺមានសិស្សស្រី០៧នាក់ដែលអ្នកបង្ក ចំណែកសិស្ស០២នាក់ជាអ្នករងគ្រោះ និង០៤នាក់ទៀតជាសាក្សី។ បើតាមការពិនិត្យគឺពួកគេមិនមែនជាក្មេទំនើងនោះទេ។

លោកអធិការបានបញ្ជាក់ឱ្យដឹងទៀតថា៖ ក្រោយធ្វើការសាកសួរគឺរវាងសិស្សទាំង០២ក្រុមជាមិត្តភក្តិរៀនថ្នាក់ជាមួយគ្នា ពួកគេមានទំនាស់ដោយសារពាក្យសំដីឌឺដងដាក់គ្នា ឃ្លីបវីដេអូបង្ហោះនោះបានកើតឡើងកាលពីថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។ ជាមួយគ្នានោះសមត្ថកិច្ចក៏បានកោះហៅអាណាព្យាបាលទាំងសងខាងដើម្បីសម្របសម្រួល ហើយក៏មានវត្តមានអាជ្ញាធរខណ្ឌ សង្កាត់ នាយកសាលា និងរូបលោកផងដែរ ជាអ្នកជួយសម្របសម្រួលផងនោះទៀត។

ជាលទ្ធផលគឺដោយមានការសំណូមពរពីអាណាព្យាបាលសិស្សស្រីបង្កធានាអប់រំកូនឱ្យបានល្អនិងយោងទៅលើពួកគេកំពុងនៅវ័យសិក្សាអនាគតវែងឆ្ងាយ ភាគីអាណាព្យាបាលសិស្សស្រីនិងសាម៉ីខ្លួនរងគ្រោះក៏បានយោគយល់សម្របសម្រួលដោះស្រាយដោយសន្តិវិធី ហើយក៏មានការអនុញ្ញាតពីឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ។

សិស្សបង្កក៏ត្រូវសមត្ថកិច្ចអប់រំនិងឱ្យធ្វើកិច្ចសន្យាហើយឱ្យកែខ្លួនជាសិស្សល្អនឹងឱ្យត្រឡប់ទៅផ្ទះដើម្បីចូលរៀនជាធម្មតា៕

អត្ថបទដែលជាប់ទាក់ទង