សាឡង់ដឹកខ្សាច់ របស់ក្រុមហ៊ុនហ្គ្រីនផៅវ័រ ត្រូវបានរលកធំៗវាយបណ្ដាលឲ្យលិច ខាងលិចកោះដូង
ខេត្តព្រះសីហនុ ៖ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨:១៥នាទី មានសាឡង់ដឹកខ្សាច់របស់ក្រុមហ៊ុនហ្គ្រីនផៅវ័រ (Green Power) ចំនួន ០១គ្រឿង (ស្លាកលេខ 1AG-21190) និងមនុស្សចំនួន ០២នាក់ ត្រូវបានរលកធំៗវាយបណ្ដាលឲ្យលិច ត្រង់ចំណុចនិយាមការលេខ 10°45’70.92”N -103°32’22.60”E ខាងលិចកោះដូង ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជនរងគ្រោះទាំងពីរមានឈ្មោះ ដូចខាងក្រោម:
១-ឡេ ហ៊ួយថាន់ ភេទប្រុស អាយុ ៤៨ឆ្នាំ ស្រុកកំណើត ក្រុងហ្គាំងធឺ ខេត្តគៀងយ៉ាង ប្រទេសវៀតណាម ជាតៃកុង សាឡង់ ។
២-ឡេ តាន់ហាយ ភេទប្រុស អាយុ ៥១ឆ្នាំ ស្រុកកំណើត ក្រុងហ្គាំងធឺ ខេត្តគៀងយ៉ាង ប្រទេសវៀតណាម ។
ករណីនេះ ដោយអនុវត្តតាមបញ្ជា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានចេញអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះទាំងពីរ បានទាន់ពេលវេលា និងមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ចំណែកសាឡង់ត្រូវបានក្រុមហ៊ុនខាងលើ ធ្វើការទំនាក់ទំនងអូសចេញពីកន្លែងកើតហេតុ ដើម្បីយកទៅជួសជុលឡើងវិញ ៕