ចាប់ខ្លួនស្ត្រីដៃដល់ ដែលសម្លាប់ស្រ្តីគ្រូទាយ នៅវត្តភ្នំ
ភ្នំពេញ ៖ ក្រោយចាប់ខ្លួននាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្រ្តីដៃដល់ ត្រូវនគរបាលនាំខ្លួនពីខេត្តពោធិសាត់ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
ស្ដ្រីជនដៃដល់ដែលបានធ្វើសកម្មភាពសម្លាប់ស្ដ្រីគ្រូទាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនបានហើយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅភូមិពាលញ៉ែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ការចាប់ខ្លួននេះ ក៏អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់លើជនសង្ស័យឈ្មោះ នួន ខេង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅភូមិជ្រៃត្នោត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញ ខណ្ឌ ប៉ុស្តិ៍ រួមនិងកម្លាំងការិយាល័យកម្រិតធ្ងន់ នៃស្នងការគរបាលរាជធានីភ្នំពេញ និងអធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
បច្ចុប្បន្នក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យខាងលើ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកមកចំណាត់ការអនុវត្តលើវិធានការច្បាប់៕