ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមរួមគ្នាថែរក្សា ការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទ

66

កំពង់ស្ពឺ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំដើមឈើចំនួន ៥១២ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជា ដែលស្ថិតក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីប្រារព្ធការអបអរសាទរ ចំពោះការសម្រេចជាឯកច្ឆ័ន្ទចុះ រមនីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃ សមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំដើមឈើចំនួន ៥១២ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជា ដែលស្ថិតក្នុងមជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៧ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នេះជាឧទ្យានទី២ របស់កាកបាទក្រហមកម្ពុជា ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំដាំដើមឈើបានជាង ២.០០០ ដើម កាលពីលើកទី១ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ ខណៈដែលឧទ្យានទី១ របស់កាកបាទក្រហមកម្ពុជា ស្ថិតនៅខេត្តសៀមរាប មានដើមឈើជាង ២.០០០ ដើម ដែលបានដាំកាលពីឆ្នាំ១៩៩៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា។

ពិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, ភ្ញៀវអន្តរជាតិ ដែលជាតំណាងសហព័ន្ធអន្តរជាតិ, គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម, ប្រតិភូថ្នាក់ដឹកនាំ និងយុវជននៃសមាគមជាតិទាំង១១ ចំនួន ៦០នាក់ និងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន, ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា, គណៈអភិបាលរាជធានី-ខេត្ត, និងមន្ត្រី-យុវជនកាកបាទក្រហម កម្ពុជា សាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានីភ្នំពេញ សរុបប្រមាណជាង ៥០០នាក់។

ក្នុងបរិយាកាសដ៏វិសេសវិសាលនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណ ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងសហព័ន្ធអន្តរជាតិ គណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម និងប្រតិភូថ្នាក់ដឹកនាំ និងយុវជនមកពីសមាគមជាតិទាំង១១ ក្នុងអាស៊ីអាគ្នេយ៍ រួមទាំងភ្ញៀវ កិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ ដើម្បីបង្ហាញអំពីក្តីស្រឡាញ់ ឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាថែរក្សាបរិស្ថានព្រៃឈើ ឱ្យបានគង់វង្ស និងដើម្បីសុខុមាលភាព របស់មនុស្សជាតិ។

ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងបរិស្ថាន ដែលបានប្រមូលផ្តុំអ្នកបច្ចេកទេសជំនាញ ជ្រើសរើសទីតាំងសមស្រប ទៅតាមកត្តាដី និង បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម សាលារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខេត្ត មន្ទីរ ពាក់ព័ន្ធ រួមកម្លាំងគ្នាជួយក្នុងការរៀបចំទីតាំង និងពិធីដាំដើមឈើគួរឱ្យចងចាំមួយនេះ នៅភូមិស្ពឺថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះលោកជំទាវអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ដែលបានផ្តួចផ្តើមកសាង មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ដ៏ធំមួយនេះ ជាសម្បត្តិវប្បធម៌ជាតិ ធ្វើជាកន្លែងសិក្សាប្រតិបត្តិព្រះធម៌ អប់រំចិត្ត និង បណ្តុះបណ្តាលធនធានមនុស្សឱ្យបានប្រកបដោយគុណធម៌ ហើយបាននិងកំពុងអភិវឌ្ឍទីនេះឱ្យទៅជា រមណីដ្ឋានទេសចរណ៍ ព្រះពុទ្ធសាសនា ដែលមានព័ណ៌បៃតងស្រស់បំព្រង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានដាក់ ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ទាក់ទងនឹងការអភិរក្ស និងការគ្រប់គ្រងព្រៃឈើ ប្រកបដោយចីរភាព ធ្វើឱ្យកម្ពុជារក្សាបាននូវភាពគ្របដណ្ដប់ផ្ទៃដីនៃព្រៃឈើខ្ពស់ជាងគេ នៅក្នុងចំណោម បណ្តាប្រទេសនៅលើពិភពលោក ក្នុងកម្រិត ៤១% ។ ក្នុងនោះ កម្ពុជាមានផ្ទៃដីការពារចំនួន ៧៣% និង ច្រកជីវសាស្ត្រចំនួន ៣ ដែលគ្របដណ្ដប់លើផ្ទៃដីជាង ៧.២ លានហិកតា ហើយផ្ដល់ឱ្យកម្ពុជានូវទំហំឧស្ម័ន កាបូន ជាច្រើន សម្រាប់ឧស្ម័នផ្ទះបៃតង និងចំណូលសេដ្ឋកិច្ច ពីការជួញដូរឧស្ម័នកាបូន សម្រាប់ការវិនិយោគ ក្នុងកិច្ចការពារ ការអភិរក្សព្រៃឈើ និងជីវសាស្ត្រ ជាមួយនឹងការធ្វើឱ្យប្រសើរឡើង នូវជីវភាពរបស់ប្រជាជន នៅក្នុងសហគមន៍។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា ៖ “កាកបាទក្រហមកម្ពុជា ដែលជា ជំនួយការជូនរាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ គឺពិតជាកម្លាំងចូលរួមមិនអាចខ្វះបានឡើយក្នុងការ ការពារបរិស្ថាន ធនធានព្រៃឈើ និងក្នុងយុទ្ធនាការពង្រីកនូវប្រព័ន្ធជីវវិទ្យាសម្រាប់ការពារ និងស្តារឡើងវិញ នូវព្រៃឈើ ប្រកបដោយខ្យល់បរិសុទ្ធ និងបរិស្ថានបៃតង ដើម្បីសុខុមាលភាពមនុស្សជាតិ។ ការរៀបចំកម្មវិធី នៅថ្ងៃនេះ ដែលជាផ្នែកមួយនៃ វេទិកាយុវជនលើកទី២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងយុវជនមកពីសមាគមជាតិភូមិភាគអាស៊ីអាគ្នេយ៍ គឺជាការចុះអនុវត្តជាក់ស្ដែង ដើម្បីទទួលបានបទពិតធន់ ក្នុង ការដាំដើមឈើឡើងវិញ នៅតាមតំបន់ព្រៃភ្នំ ការយល់ដឹងនូវគុណតម្លៃនៃព្រៃឈើ និងសត្វ ដែលរស់នៅ ក្នុងភពផែនដី។ លើសពីនេះទៅទៀត កម្មវិធីនេះ នឹងលើកទឹកចិត្តដល់យុវជនគ្រប់ជំនាន់ មានន្ទៈចូលរួម ក្នុងបេសកកម្មរួមគ្នាដោះស្រាយបញ្ហាមនុស្សជាតិ និងបញ្ហាប្រឈមជាសកល។”

ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមរួមគ្នាថែរក្សា ការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទ នៅលើដីទំនេរ តាម ទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀត ឱ្យបានកាន់តែច្រើន តាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យកម្ពុជា ក្លាយជាប្រទេសមួយ ពោរពេញទៅដោយបរិស្ថានបៃតង មានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ ជាពិសេស សូមបញ្ឈប់ការកាប់ព្រៃឈើ ហើយត្រូវរួមគ្នាប្រកបរបរកសិកម្មចម្រុះ តាមធម្មជាតិវិញ ដើម្បីបងប្អូនប្រជា ពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ក្រុមគ្រួសារមានសុខភាពល្អ សង្គមជាតិយើងប្រកបដោយសុខុមាលភាព។

សូមបញ្ជាក់ថា ពិធីដាំដើមឈើនេះស្ថិតនៅទីតាំងចំនួន២ គឺ៖ ទីតាំងទី១ រៀបចំនៅក្នុងកសិណ ព្រះចូឡាមុនីចេតិយ ដែលរៀបចំជារង្វង់មូល មាន ៣២ដើម សម្រាប់សមាគមជាតិនីមួយៗ រួមទាំង អគ្គលេខាធិការអាស៊ាន និងឥស្សរជនជាន់ខ្ពស់របស់កម្ពុជា។ ទីតាំងទី២ រៀបចំដាំចំនួន ៤៨០ដើម លើផ្ទៃដី ទំហំជាង ២ហិកតា ដែលតភ្ជាប់ជាមួយផ្ទៃដីដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញដឹកនាំដាំជាង ១,២០០ ដើម កាលពីឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ បានអញ្ជើញចូល ទស្សនាមហាប្រាសាទព្រះធម្មចេតិយតម្កល់ព្រះត្រៃបិតក ជាកន្លែងទ្រទ្រង់ពុទ្ធវចនៈ ចារនៅលើថ្មក្រានីត ហើយដែលអាចរក្សាទុកបានរាប់ពាន់ឆ្នាំ ជាសម្បត្តិបុណ្យក្នុងព្រះពុទ្ធសាសនា ក៏ដូចជាសម្បត្តិជាតិសម្រាប់ គោរពបូជាយូរអង្វែងតទៅផងដែរ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូទាំងអស់ ក៏បានអញ្ជើញពិសា អាហារសាមគ្គីមួយពេលនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងសាមគ្គីភាព ទៀតផង។

ដោយឡែក បន្ទាប់ពីពិសាអាហារសាមគ្គី គណៈប្រតិភូយុវជនបានធ្វើដំណើរត្រឡប់មកភ្នំពេញវិញ ហើយបន្តទៅទស្សនកិច្ចសិក្សានៅសារមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែង ដើម្បីសិក្សាឱ្យកាន់តែស៊ីជម្រៅ បន្ថែមនៃច្បាប់មនុស្សធម៌អន្តរជាតិ តាមរយៈប្រវត្តិដ៏ជូរចត់ដែលធ្លាប់កើតមាននៅប្រទេសកម្ពុជា រយៈពេល ៣ឆ្នាំ ៩ខែ ២០ថ្ងៃ។

គូសបញ្ជាក់ផងដែរថា ថ្ងៃទី ២០នេះ គឺជាថ្ងៃទី៤ នៃដំណើរការវេទិកាយុវជនលើកទី២ ដែលយុវជន ទាំង១១សមាគមជាតិ បានពិនិត្យពិភាក្សារួមគ្នាយ៉ាងស៊ីជម្រៅលើសេចក្ដីថ្លែងការណ៍យុវជនឆ្នាំ២០២២ និងបញ្ហាដែលកើតមានឡើងចំពោះមុខ ដើម្បីពិភាក្សាបន្ថែមរកនូវដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ និងកសាងសេចក្តីថ្លែងការណ៍ថ្មី សម្រាប់វេទិកាយុវជនលើកទី២ ឆ្នាំ២០២៣ ហើយធ្វើការបកស្រាយក្នុង កិច្ចពិភាក្សារវាងយុវជន និងថ្នាក់ដឹកនាំ ក្នុងថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២១ ស្អែកនេះ៕

អត្ថបទដែលជាប់ទាក់ទង