ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ដ្រីព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន វៀតណាម ប្ដេជ្ញាផ្សព្វផ្សាយការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាន នៅក្នុងតំបន់ អាស៊ាន

45

 

ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម ប្តេជ្ញារួមគ្នាក្នុងការធ្វើ កិច្ចសហប្រតិបត្តិការ ផ្នែកព័ត៌មាននិងការផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅ ក្នុងតំបន់ អាស៊ាន និងផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។

ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងអំឡុងនៃជំនួបទ្វេភាគីរវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន កម្ពុជា និងឯកឧត្តម ង្វៀន ម៉ាញ់ហុង  (Nguyen Manh Hung) រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នារសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែល លោក មរដ្ឋមន្ត្រី នេត្រ ភក្ត្រាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួល បន្ទុកព័ត៌មានអាស៊ាន លើក ទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំង ប្រទេសវៀតណាមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក នេត្រ ភក្ត្រា បានថ្លែងជម្រាបជូនសមភាគីវៀតណាមអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការព័ត៌មាន និងការពង្រឹង គុណភាព សារព័ត៌មាន  ព្រោះព័ត៌មានដើរតូនាទីសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទនៃសង្គមឌីជីថល និន្នាការនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះពីតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយទំនើប គឺបណ្តាញទំនាក់ទំនងសង្គមជាពិសេសពីហ្វេសប៊ុក និងតិកតុក។ ទន្ទឹមនឹងការផ្តល់នូវខ្លឹមសារសម្បូណ៌បែប និងមានល្បឿនលឿន បណ្តាញសង្គមក៏បានធ្វើឱ្យមានបញ្ហានៃការបំពុលព័ត៌មានតាមរយៈការបង្កើតព័ត៌មានក្លែង ក្លាយដែលមាន ចេតនាទុច្ចរិត។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា វាបានធ្វើឱ្យប៉ះពាល់ អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឱ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរ ហើយដែលយើងទាំងអស់ គ្នាចាំបាច់ត្រូវ សហការគ្នាក្នុងការបង្ការនិងទប់ស្កាត់ឱ្យខាងតែបាន។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសទាំងពីរក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើការងារបណ្តុះ បណ្តាល ធនធាន មនុស្សក្នុងវិស័យសារព័ត៌មានដោយក្រសួងព័ត៌មាននិងគមនាគមន័វៀតណាមស្វាគមន៍ និងត្រៀមខ្លួនផ្តល់នូវការគាំទ្រលើការបណ្តុះ បណ្តាលធនធានមនុស្សតាមរយៈការបញ្ជូនមន្ត្រីទៅបណ្តុះបណ្តាលនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ង្វៀន ម៉ាញ់ហុង  (Nguyen Manh Hung) ដែលនាពេលកន្លងទៅ ក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមបានសម្របសម្រួលនិងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកកាសែតកម្ពុជា និងការគាំទ្រផ្នែកសម្ភារសម្រាប់បម្រើឱ្យការងារផ្សព្វផ្សាយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសទាំងពីរបានឯកភាពលើការងារសម្របសម្រួលកសាងច្រកព័ត៌មានសម្រាប់ប្រទេស ទាំងពីរដើម្បីផ្សព្វផ្សាយព័ត៌មានគ្នាទៅវិញទៅមក និងធ្វើឱ្យពលរដ្ឋទាំងពីរទទួលបានព័ត៌មានពីគ្នាទៅវិញទៅមកតាមរយៈ ការសហការរៀបចំ ដំណើរ ទស្សនកិច្ច ទៅវិញទៅមករវាងក្រុមអ្នកកាសែតខ្មែរនៅវៀតណាម និងអ្នកកាសែតវៀត ណាមមក កម្ពុជា ដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មានពីគ្នាទៅវិញទៅមក។ ក្នុងជំនួបនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម និងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង