ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងកាណាដា បានពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមទាំងវិស័យដោះមីន ប្រតិបត្តិការរក្សាសន្តិភាព អប់រំ ពាណិជ្ជកម្ម និងទេសចរណ៍

50

 

ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការ ជួបសម្តែងការគួរសមពីលោក ដេវីដ វីប្យូសស្គី ភារធារីតំណាងការិយាល័យស្ថានទូតកាណាដា នៅភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងកាណាដា និងបានពិភាក្សាអំពីមធ្យោបាយ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមទាំងវិស័យដោះមីន ប្រតិបត្តិការរក្សាសន្តិភាព អប់រំ ពាណិជ្ជកម្ម និងទេសចរណ៍។

ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ និងឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ដែលមេដឹកនាំទាំងពីរបានពិភាក្សា អំពីជំនួយរបស់ប្រទេសកាណាដា ក្នុងការបោសសម្អាតមីននៅកម្ពុជា។ ឯកឧត្តមបានបន្តការអំពាវនាវរបស់កម្ពុជា ឱ្យមានការរួមចំណែករបស់កាណាដា ក្នុងការជួយដល់កម្ពុជា សម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីនឆ្នាំ ២០២៥” ។

ភាគីទាំងពីរ មានទស្សនៈដូចគ្នា ក្នុងការពន្លឿនដំណើរការនៃការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលនឹងក្លាយជាទីកន្លែងមួយដ៏ល្អក្នុងការស្វែងរក កិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌអាស៊ាន ដោយវាយតម្លៃពីការចូលរួមដ៏សកម្មរបស់កាណាដា ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្តែងការអបអរសាទរ ចំពោះការដំឡើងទំនាក់ទំនងអាស៊ាន-កាណាដា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំ២០២៣នេះ។ លោក ដេវីដ វីប្យូសស្គី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់កម្ពុជា ក្នុងដំណើរការនេះ។ ឯកឧត្តមរដ្ឋលេខាធិការ និង លោកភារធារី ក៏បានសម្តែងក្តី សោមនស្សចំពោះវឌ្ឍនភាពនៅ ក្នុងការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី អាស៊ាន – កាណាដាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង