បុគ្គលចំនួន ៣១៥ នាក់ដែលជាប់កាតព្វកិច្ច សុំឱ្យបញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកអង្គភាពប្រឆាំងអំពើពុករលួយ
រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃសុក្រ ទី២២ ខែ កញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង សុំឱ្យបញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកអង្គភាពប្រឆាំងអំពើពុករលួយ។ អ.ប.ព. សូមរំលឹកថា មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានចែងថា ជនណាដែលមិនបាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមប្រកាសជម្រាបដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលត្រូវ បានតែងតាំងដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬមានឋានៈ និងតួនាទីចាប់ពីប្រធាននាយកដ្ឋានឡើងលើ ហើយចំពោះកងកម្លាំង ប្រដាប់អាវុធ គឺចាប់វរសេនីយឯកឡើង (ចាប់ពីស័ក្តិ ៥) និងមន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំងដោយការបោះឆ្នោត (ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុង-ខណ្ឌ-ស្រុក រាជធានី-ខេត្ត តំណាងរាស្ត្រ ព្រឹទ្ធសមាជិក…) ដែលមិនទាន់បានបញ្ជូនឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល មកដល់ អ.ប.ព. ឬក៏បានបញ្ជូនមកដែរ តែមិនដឹងថាទើរនៅកន្លែងណា សូមមេត្តាត្រួតពិនិត្យ ឡើងវិញអំពីការបញ្ជូនឯកសារនេះឱ្យបានឆាប់តាមការគួរ។
យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បុគ្គលជាប់កាតព្វកិច្ចប្រកាសទាំងអស់ ដែលត្រូវបានទទួលតំណែងថ្មី បន្តតំណែង លាលែងពីមុខតំណែង ឬចប់អាណត្តិ បញ្ឈប់ពីមុខតំណែង និងចូលនិវត្តន៍ ត្រូវបំពេញកាតព្វកិច្ចប្រកាសទ្រព្យ សម្បត្តិ និងបំណុល ដូចខាងក្រោមនេះ ៖
1. ត្រូវបានទទួលតំណែងថ្មី ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួនលើកទីមួយ ៣០ (សាមសិប) ថ្ងៃ យ៉ាងយូរ ក្រោយពេលចូលកាន់មុខតំណែង។ បុគ្គលដែលមានតំណែងជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និង បំណុល ហើយទទួលបានមុខតំណែងថ្មី ឬតួនាទីបន្ថែម មិនចាំបាច់ប្រកាសក្នុងពេលមានព្រះរាជក្រឹត្យ អនុក្រឹត្យ តែងតាំងបន្ថែមនាពេលនេះទេ ពោលគឺបុគ្គលនោះបន្តការប្រកាសក្នុងរបបប្រកាស ២ឆ្នាំម្តងជាធម្មតា។
2. ការប្រកាសរៀងរាល់២ឆ្នាំម្ដង សំដៅលើបុគ្គលដែលមានមុខតំណែងត្រូវប្រកាសដូចចែងក្នុងមាត្រា១៧ (សមាស ភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវប្រកាស ទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ ២(ពីរ)ឆ្នាំម្តង។ សូមបញ្ជាក់ថា បុគ្គលដែលមានមុខតំណែងទាំងនេះ នឹងធ្វើការប្រកាសបន្តបន្ទាប់នៅរៀងរាល់ខែមករា នៃឆ្នាំទី៣ គិតចាប់ពីថ្ងៃប្រកាសលើកទី១។ ឧទាហរណ៍ បុគ្គលម្នាក់ប្រកាសលើកទី១ នៅថ្ងៃណាមួយក្នុងឆ្នាំ២០២២ (ទោះជាចុង ឬដើមឆ្នាំក៏ដោយ) រូបគាត់នឹងប្រកាស លើកទី២ នៅខែមករា ឆ្នាំ២០២៤ លើកទី៣ នៅខែមករា ឆ្នាំ២០២៦ (គិតថ្ងៃយកឯកសារមកដល់ អ.ប.ព)។ល។ បុគ្គលដែលចប់អាណត្តិ ដោយគោរពតាមបែបបទបោះឆ្នោតហើយជាប់ឆ្នោតអាណត្តិថ្មី មិនតម្រូវឱ្យប្រកាស ពេលចប់អាណត្តិ និងពេលចូលកាន់តំណែងថ្មីនេះទេ ពោលគឺគាត់បន្តការប្រកាសក្នុងរបបប្រកាសរៀងរាល់២ ឆ្នាំម្តងជាធម្មតា។
3. លាលែងពីមុខតំណែង ឬបញ្ឈប់ពីមុខតំណែង: បុគ្គលបានលាលែងពីមុខតំណែង ឬត្រូវបញ្ឈប់ពីមុខតំណែង ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួន ៣០ (សាមសិប) ថ្ងៃ យ៉ាងយូរ ក្រោយពេលលាលែងពី មុខតំណែង ឬបញ្ឈប់ពីមុខតំណែង។ ប៉ុន្តែប្រសិនបើបុគ្គលរូបនេះនៅសល់មុខតំណែងផ្សេងទៀតដែលជាប់ កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមិនតម្រូវឱ្យប្រកាសនៅពេលលាលែងពីមុខតំណែង ឬបញ្ឈប់ពីមុខតំណែងទេ ត្រូវអនុវត្តបន្តការប្រកាសក្នុងរបបប្រកាសរៀងរាល់ ២ឆ្នាំម្តងជាធម្មតា។
4. ចូលនិវត្តន៍ ឬចប់អាណត្តិ: បុគ្គលចូលនិវត្តន៍ ឬចប់អាណត្តិ ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួន ៣០ (សាមសិប) ថ្ងៃ យ៉ាងយូរ មុនពេលចូលនិវត្តន៍ ឬចប់អាណត្តិ។ ប៉ុន្តែប្រសិនបើបុគ្គលរូបនេះនៅសល់ មុខតំណែងផ្សេងទៀតដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមិនតម្រូវឱ្យប្រកាសនៅពេល ចូលនិវត្តន៍ ឬចប់អាណត្តិទេ ត្រូវអនុវត្តបន្តការប្រកាសក្នុងរបបប្រកាសរៀងរាល់ ២ឆ្នាំម្ដងជាធម្មតា។
អ.ប.ព. សូមរំលឹកថា មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានចែងថា ជនណាដែលមិនបាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណី រឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង។
ទម្រង់នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល (ទម្រង់ចេញឆ្នាំ២០១២) អាចទាញយកចេញពី គេហទំព័ររបស់
អង្គភាពប្រឆាំងអំពើពុករលួយ : www.acu.gov.kh ។
តាមការបូកសរុបមិនទាន់ចប់សព្វគ្រប់ គិតត្រឹមថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៣ មានអ្នកជាប់កាតព្វកិច្ចប្រកាស ទ្រព្យសម្បត្តិ និងបំណុល ដែល អ.ប.ព. ប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយប្រចាំក្រសួង-ស្ថាប័ន ទាក់ទងមិនបានមានចំនួន ៣១៥ នាក់ ៖
ក្រសួងការពារជាតិ ២៧០ នាក់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ២៣ នាក់ ក្រសួងធម្មការ និងសាសនា ៩ នាក់ (១.ឯកឧត្តម ខៀវ សំអាង ២.ឯកឧត្តម ជា វ៉ាន់ថេន ៣.ឯកឧត្តម ទួន វុទ្ធី ៤.ឯកឧត្តម សំ ណាង ៥.ឯកឧត្ដម ហុង ណារ៉េត ៦.លោក ព្រំ ផារិទ្ធ ៧.លោក ស៊ីម ពិសិដ្ឋ ៨.លោក ស៊ីម យុន ៩.លោក ស្វាយ ហ៊ាង) ក្រសួងរ៉ែ និងថាមពល ៣ នាក់ (១.ឯកឧត្តម នួន សំភា ២.លោក មាស ផុន ៣.លោក ជា លី)
ក្រសួងកិច្ចការនារី ៣ នាក់ (១.លោកជំទាវ គៀន ស្រីនាង ២.លោកស្រី ស៊ូ សុគន្ធារី ៣.លោកស្រី ឡេង រឹម) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ២ នាក់ (១.ឯកឧត្តម ឡុក ចយ ២.លោក លី សុខអេង) ក្រសួងបរិស្ថាន ២ នាក់ (១.លោក ប៉ាន់ បូណុច ២.លោក សៀង បញ្ញា) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ២ នាក់ (១.ឯកឧត្តម CHANDRANNAIR ២.ឯកឧត្តមសាស្ត្រាចារ្យ
GEO RIM) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១ នាក់ (ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Ing Holger Magel)។
អ.ប.ព. សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងអស់ នឹងយកចិត្តទុកដាក់បំពេញកាតព្វកិច្ចស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕