ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេសកកម្មក្រៅប្រទេសលើកទី ៣ របស់សម្តេចធិបតី រយៈពេល ៥ ថ្ងៃនេះ សម្រេចបាននូវលទ្ធផលថ្មីៗយ៉ាងធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា លើកស្ទួយកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ

72

 

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី បេសកកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាំមកនូវជោគជ័យធំធេងជូនជាតិមាតុភូមិ ជាលើកទី៣ ក្នុងរយៈពេល១ខែ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាល បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញហើយនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីអញ្ជើញចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។ បេសកកម្មក្រៅប្រទេសលើកទី ៣ របស់ សម្តេចធិបតី រយៈពេល ៥ ថ្ងៃនេះ សម្រេចបាននូវលទ្ធផលថ្មីៗយ៉ាងធំធេង បន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក៏ដូចជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ។

ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម អង់តូនីញ៉ូ ហ្គូទរ៉ស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ឯកឧត្តមអគ្គលេខាធិការ បានសរសើរចំៗដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្ស៊ីគ្នាជាមួយគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណកម្ពុជា សម្រាប់ការបញ្ចូនមន្ត្រីចូលរួមបំពេញ បេសកកម្មដើម្បីសន្តិភាពតាមបណ្តាប្រទេសនានា។ សម្ដេចធិបតី បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ដែល បានគាំទ្រគ្រប់យ៉ាងដល់កម្ពុជា ចាប់តាំងពីការរៀបចំបោះឆ្នោតសកល នីតិកាលទី១ ឆ្នាំ១៩៩៣ និងការកាត់ទោស អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមជាដើម និងបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តគោលនយោបាយ និង កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិដោយគ្មានការផ្លាស់ប្តូរឡើយ។ សម្ដេចធិបតី ក៏បានលើកឡើង អំពីលទ្ធផលនៃការចូលរួមរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ និងការលើកកម្ពស់ សិទ្ធិមនុស្ស ដោយផ្អែកលើច្បាប់និងគោលការណ៍នីតិរដ្ឋ។ ជាការឆ្លើយតប ឯកឧត្ដម អង់តូនីញ៉ូ ហ្គូទរ៉ស បានបង្ហាញការពេញចិត្ត និងគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បី សម្រេចជោគជ័យ ក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។

បន្ទាប់មក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករបដិដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុង កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គី ភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា» ដោយ សម្ដេចធិបតី ផ្តោតលើបរិបទពិភពលោក វឌ្ឍនភាព សង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបរិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ១-អំពីបរិបទពិភពលោក៖ សម្ដេចធិបតី បានគូសបញ្ជាក់អំពីភាពចាំបាច់ និងបន្ទាន់ក្នុងការស្តារទំនុកចិត្ត ផ្នែកសន្តិសុខជាយុទ្ធសាស្ត្រ ទំនុកចិត្តលើប្រព័ន្ធច្បាប់សកល និងបទដ្ឋានអន្តរជាតិ ដូចមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ ជាពិសេសការពង្រឹងនិងបង្កើនអំណាចកោះប្រជុំរបស់អង្គការសហប្រជាជាតិ ដើម្បី ជំរុញសាមគ្គីភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា ដោយផ្តោតលើការដោះស្រាយបញ្ហាអភិវឌ្ឍន៍ និងការពារការរីករាលដាលជម្លោះដែលកំពុងកើតមាន ដូចជាអស្ថិរភាពពិភពលោក ការបាត់បង់ជំនឿលើប្រព័ន្ធពហុភាគី និយម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងជំងឺរាត្បាត ជាដើម។ ក្នុងន័យនេះ កម្ពុជាគាំទ្រចំពោះរបៀបវារៈសម្រាប់សន្តិភាព និងគំនិតផ្តួចផ្តើមរបស់ អគ្គលេខាធិការ (UN) ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។

២-អំពីវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា៖ សម្ដេចធិបតី បានបញ្ជាក់ទៅកាន់មហាសន្និបាតអំពីមនុញ្ញផល នៃសន្តិភាព និងស្ថិរភាពជាតិ ដែលធ្វើឱ្យកម្ពុជាសម្រេចបានវឌ្ឍនភាពសំខាន់ៗ មានជាអាទិ៍ ការកាត់បន្ថយភាពក្រីក្រ ជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងធានាការងើបចេញពីវិបត្តិជំងឺឆ្លងនេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងអំពីដំណើរការប្រជាធិបតេយ្យ ជាពិសេសការបោះឆ្នោតចុង ក្រោយដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងច្រើនលើសលុប ដោយសេរីនិងយុត្តិធម៌ មហិច្ឆតាកម្ពុជាក្នុង ការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់ ប្រកបដោយភាព រឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពនៅត្រឹមឆ្នាំ២០៥០ និងការចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

៣-ការប្ដេជ្ញាចិត្តចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រយៈពេល ២៥ ឆ្នាំខាងមុខ ដោយមានបាវចនាចំនួន ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកអាទិភាព ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅចម្បងដើម្បីរក្សាចលនការនៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍជាតិ តាមរយៈការកសាងភាព ធន់ នៃវិស័យទាំង ៥ រួមមាន វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យធនធានមនុស្សនិង សង្គម វិស័យបរិស្ថាននិងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។ សម្ដេចធិបតី បញ្ជាក់ទៀតថា ដើម្បី ជោគជ័យ នៃយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាលនឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ចល្អ ការពិ បាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទន្ទឹមនឹងការខិតខំថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងស្វាគមន៍ការគាំទ្រទាំងឡាយពីប្រទេសដ គូជាមិត្ត ទាំងបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំង ជំរុញសមាហរណកម្មតំបន់ និងពិភពលោក។

សម្ដេចធិបតី ក៏បញ្ជាក់អំពីគោលដៅ «កម្ពុជាគ្មានមិនត្រឹម ឆ្នាំ២០២៥» ដោយអំពាវនាវសហគមន៍អន្តរជាតិបន្តផ្ដល់ការគាំទ្រ ព្រមទាំងបានបង្ហាញការស្វាគមន៍ចំពោះ គំនិតផ្តួចផ្តើម «កាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដាក់ ចេញដោយ ឯកឧត្តម អង់តូនីញ៉ូ ហ្គូទរ៉ស ជាមួយនឹងការបង្ហាញមោទនភាពដែលកម្ពុជាត្រូវបាន ជ្រើសរើសឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ក្នុងនាមជាប្រទេសឈានមុខមួយ ក្នុងចំណោមប្រទេសមាន សក្តានុពលទាំង១០។ ដើម្បីរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្តេចធិបតី ក៏ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការកសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញដើម្បីបញ្ចប់សង្គ្រាម ដោះស្រាយឬសគល់នៃជម្លោះ និងពង្រឹងសាមគ្គីភាព។ សម្ដេចធិបតី ក៏បញ្ជាក់ជាថ្មីទៀត អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបញ្ចូនកម្លាំង មួកខៀវ សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។

ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតនោះដែរ សម្ដេចធិបតី បានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការបន្តដើរលើមាគ៌ានយោបាយឯករាជ្យ អព្យាក្រឹត្យ ផ្អែកលើវិធានការច្បាប់ គោរពគ្នាទៅវិញទៅមកដោយ ស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។ ជាមួយគ្នានេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬក៏ការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ ហើយកម្ពុជាមិនអនុញ្ញាតឱ្យមាន មូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងក៏មិនអនុញ្ញាតឱ្យប្រទេសណា ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀតនោះដែរ។
ក្នុងក្របខ័ណ្ឌទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រៅពីជំនួបជាមួយអគ្គលេខាធិការអង្គការ សហប្រជាតិ សម្ដេចធិបតី បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជនបរទេសសំខាន់ៗចំនួន ៥ ផ្សេងទៀត រួមមាន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក ប្រធានាធិបតីទីម័រឡេស្តេ រដ្ឋមន្ត្រីការបរទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងតំណាងក្រុមហ៊ុន Pfizer។

ជាការកត់សម្គាល់ ក្នុងជំនួបទ្វេភាគីរវាងកម្ពុជា និងអាមេរិក លោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក បានជម្រាប សម្ដេចធិបតី ថាសហរដ្ឋអាមេរិក ស្វាគមន៍ឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូចជាកម្ពុជាទាំងមូលទទួលបានជោគជ័យ។ ភាគីអាមេរិក ក៏បានបញ្ជាក់ពីការសម្រេចផ្តល់ជូនឡើងវិញនូវជំនួយទឹក ប្រាក់ប្រមាណ ១៨លានដុល្លារ តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលខ្លួនបាន ផ្អាកក្រោយការបោះឆ្នោតឆ្នាំ២០២៣។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងប្រសិទ្ធភាព នៃភាពធ្វើមាតុភូមិ និវត្តន៍ពលរដ្ឋខ្មែរពីអាមេរិកផងដែរ។

ដោយឡែកក្នុងជំនួបជាមួយ លោកជំទាវ ផននី វ័ង រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ភាគីអូស្ត្រាលីបានពោលសរសើរយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ភ្ជាប់នឹងការសម្លឹងឃើញច្បាស់ ថាអូស្ត្រាលីនឹងអាចបន្តចូលរួមផ្ដល់ការគាំទ្រ ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលធនធានមនុស្ស វិស័យពាណិជ្ជកម្ម និងវិនិយោគជាដើម។ សម្ដេចធិបតី បានថ្លែងអំណរគុណភាគីអូស្ត្រាលី សម្រាប់ការយកចិត្តទុកដាក់ដល់របៀបវារៈ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដូចជាការផ្ដល់អាហារូបករណ៍ជូនសិស្ស-និស្សិតកម្ពុជាជាដើម។ ភាគីទាំងពីរ ក៏បានប្ដេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ ពិសេសតាមរយៈទំនាក់ ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងធុរជន និងធុរជន។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា សម្ដេចធិបតី និង ឯកឧត្ដម ស៊ូបម៉ានីញ៉ូម ថៃសានកា បានបញ្ជាក់ឡើងវិញ អំពីការប្ដេជ្ញាចិត្តធ្វើឱ្យសម្រេចជាផ្លែផ្កានូវកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កន្លងមក ការខិតខំស្វែងរកវិស័យមានសក្តានុពលសម្រាប់កិច្ចព្រមព្រៀងថ្មីៗ និងបានយល់ស្របដូចគ្នាថាភាគីទាំង ពីរត្រូវពង្រឹងសហប្រតិបត្តិការវិស័យសន្តិសុខ និងយោធា តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលកងទ័ព ទស្សនកិច្ច ផ្លាស់ប្ដូរបទពិសោធន៍ឱ្យបានទៀងទាត់ និងញឹកញាប់។ កម្ពុជា បានស្នើឱ្យភាគីឥណ្ឌាពន្លឿន និងឈានទៅបញ្ចប់នា ពេលខាងមុខនូវសន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ (BIT)។ ចំពោះវិស័យទេសចរណ៍ និងវប្បធម៌ ភាគីឥណ្ឌា ក៏បាន បញ្ជាក់ពីសារៈសំខាន់ នៃការរៀបចំគម្រោងនវានុវត្តន៍ និងអភិរក្ស ខណៈប្រទេសទាំងពីរមានទំនាក់ទំនងជាប្រវត្តិសាស្ត ជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ រួម ទាំងបញ្ហាជម្លោះនៅប្រទេសមីយ៉ាន់ម៉ា និងតួនាទីអាស៊ានក្នុងការរកដំណោះស្រាយសមស្រប។

សម្រាប់ជំនួបរវាងប្រមុខដឹកនាំកម្ពុជា និងទីម័រឡេស្តេ ឯកឧត្ដម ចូស រ៉ាម៉ូស ហូតា ប្រធានាធិបតី នៃប្រទេសទីម័រឡេស្តេបានស្នើកម្ពុជា បន្តចែករំលែកបទពិសោធន៍រៀបចំខ្លួនចូលជាសមាជិកអាស៊ាន និងជួយគាំទ ការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំប្រកាសជាផ្លូវការនូវសមាជិកភាពពេញសិទ្ធិរបស់ទីម័រឡេស្ត។ សម្ដេចធិបតី គាំទ្រយ៉ាងពេញទំហឹងចំពោះការស្នើនេះ និងបានសន្យាជួយជ្រោមជ្រែងបន្ថែមទៀត ជាពិសេស ការរៀបចំខ្លួនរបស់ទីម័រឡេស្ត ដើម្បីចូលជាសមាជិកអាស៊ានឱ្យបានឆាប់នាពេលខាងមុខ។

ដោយឡែក ក្នុងឱកាសអមដំណើរ សម្ដេចធិបតី នោះដែរ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជួបពិភាក្សាទ្វេភាគី ជាមួយប្រមុខការទូត ប្រទេសនានា និងប្រធានស្ថាប័នអន្តរជាតិ ចំនួន ៥ លើក ដើម្បីនាំមកនូវឧត្តមប្រយោជន៍ជូនជាតិមាតុភូមិផងដែរ។

ដើម្បីពង្រីកសក្តានុពលក្នុងវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ សម្ដេចធិបតី បានអញ្ជើញបើកវេទិកាធុរកិច្ច កម្ពុជា-អាមេរិក ដោយ សម្ដេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា វិនិយោគិនអាមេរិកនឹងទទួល បានប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រ និងកម្លាំងពលកម្មវ័យក្មេងដែលមានថ្លៃឈ្នួលទាប ព្រមទាំងមានជំនាញសមស្រប សម្រាប់វិស័យកម្មន្តសាល ខណៈកម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ពីការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

សម្ដេចធិបតី ក៏បានលើកឡើងអំពីការបង្កើនសន្ទុះកែទម្រង់ស្ថាប័នគន្លឹះ និងការដាក់ចេញវិធានការដោះស្រាយ បញ្ហាប្រឈមក្នុងបរិយាកាសធុរកិច្ច និងការវិនិយោគ ជាមួយនឹងការបន្តកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងវិស័យ ឯកជនជាទៀងទាត់។ សម្ដេចធិបតី បានបង្ហាញក្តីជឿជាក់ថា តាមរយៈវេទិកាធុរកិច្ចនេះ វិនិយោគិនអាមេរិក នឹង កាន់តែមានលំនឹងចិត្តព្រមទាំងភាពកក់ក្ដៅ ក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

ជាការកត់សម្គាល់ វត្តមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅទីក្រុងញ៉ូវយ៉ក បានទទួលការស្វាគមន៍ប្រកបដោយ មនោសញ្ចេតនាមហា គ្រួសារខ្មែរ យ៉ាងរីករាយកក់ក្ដៅ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា។ ដើម្បី បង្ហាញទឹកចិត្តមហាសាមគ្គីជាតិ សម្ដេចធិបតី និង លោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរចំនួន ២៥០០នាក់។ នាឱកាសនោះ សម្ដេចធិបតី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានជម្រាបជូនបងប្អូនខ្មែរទាំងនោះអំពីការវិវត្តន៍ របស់ប្រទេសជាតិ ជាពិសេសអំពីលទ្ធផលការងាររយៈពេលមួយខែពេញរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជា អំពីបេសកកម្មចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

សម្ដេចធិបតី គូសបញ្ជាក់ថា បេសកកម្មក្រៅប្រទេសទាំង ៣ លើក ពោលគឺនៅឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាមានិតចិន និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនាពេលនេះ គឺដើម្បីសម្រេចកិច្ចការ ៣ ក្នុងពេលតែមួយ រួមមាន៖ ការងារការទូត៖ ដើម្បីបង្ហាញថាកម្ពុជាជាប្រទេសអធិបតយ្យ ឈរស្មើមុខជាមួយគ្រប់ប្រទេសលើពិភពលោក។ ការងារនយោបាយ៖ ដើម្បីបញ្ជាក់គោលជំហរ ក្នុងឋានៈជាសមាជិក របស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធអធិបតេយ្យជាតិ ផលប្រយោជន៍ជាតិ និងបញ្ហាប្រឈមរបស់ពិភពលោក។ ការងារសេដ្ឋកិច្ច៖ គឺការខិតខំកៀរគរការវិនិយោគ បង្កើនទំហំពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផលិតផល និងទាក់ ទាញភ្ញៀវទេសចរណ៍។ សម្ដេចធិបតី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានរាត្រីទឹកឃ្មុំដើម្បីលំហែកាយ ក្រោយការបោះឆ្នោតនោះទេ ផ្ទុយទៅវិញ បានដាក់ចេញនិងចាប់ផ្តើមអនុវត្តប្រកបដោយភាពស្វាហាប់ នូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន។ សម្ដេចធិបតី ក៏បានសង្កត់ ធ្ងន់ផងដែរអំពីការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការបោះឆ្នោតឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ ព្រមទាំង អាទិភាព ៦ចំណុច និងយន្តការគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណដែលរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តពីដើម នីតិកាលទី៧ ឆ្នាំ២០២៣ នេះតទៅ។

ជារួម ក្នុងរយៈពេលត្រឹមមួយខែ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មក្រៅប្រទេសធំៗដល់ទៅ ៣ លើក ដោយនាំមកនូវជោគជ័យធំធេងទាំង ផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច ជូនជាតិ មាតុភូមិ និងប្រជាជន។ តាមរយៈបេសកកម្មទាំងនេះ កិត្យានុភាព ជាតិ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ ខណៈដែលយុទ្ធសាស្ត្របញ្ចកោណបានផ្តល់ប្រយោជន៍ យ៉ាងធំធេង និងឆាប់រហ័សដល់ប្រជាពលរដ្ឋ។ កាន់តែពិសេសទៀតនោះ យុទ្ធសាស្ត្របញ្ចកោណនេះទៀតសោត ក៏ ត្រូវបានស្វាគមន៍ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាបណ្តាប្រទេសជាមិត្ត ដោយសារតយុទ្ធសាស្ត នេះបានលើកស្ទួយសង្គម-សេដ្ឋកិច្ចស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង