ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហមចំនួន ៩៣ ករណីនៅភូមិប៉ក់តូច ខេត្តរតនគីរី

47

 

ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ​បានប្រកាសព័ត៌មានថា យើងរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​ មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងទៀតថា ករណីនេះកើតឡើងដោយសារមានករណីដំបូង ដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យ​សព​បងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ​ ។​
មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ នឹងអប់រំ ភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ ពីមណ្ឌលសុខភាពសោមធំ នៅយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ ។

របៀបឆ្លង​ និងការព្យាបាលថែទាំ៖
ការឆ្លងដោយសារការប៉ះពាស់ផ្ទាល់ជិតគ្នា​ និងប្រើប្រាស់របស់របរ​និងសម្ភារៈរួមគ្នា​ ។ ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។
ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣ សប្តាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ ការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ការឱ្យថ្នាំបន្តក់ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។
សូមបងប្អូនទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ​ និងសូមរាយការណ៍ជាបន្ទាន់បើឃើញកើតជាច្រើនក្នុងកន្លែងធ្វើការ​ សាលារៀន​ ក្នុងសហគមន៍​ ៕

អត្ថបទដែលជាប់ទាក់ទង