ក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតជប៉ុន រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែមទៀត អំពីតួនាទីរបស់ប្រទេសជប៉ុនសម្រាប់ការអភិវឌ្ឍនៅកម្ពុជាដោយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។
កិច្ចពិភាក្សាខាងលើនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ជាវាគ្មិនកិត្តិយស, លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានមកពីស្ថាប័ន ទូរទស្សន៍ វិទ្យុ អង្គភាពសារព័ត៌មានផ្សេងៗ ជាង៨០នាក់។
ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានធ្វើបទបង្ហាញអំពីគោលនយោបាយ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា។
នៅក្នុងកិច្ចពិភាក្សាខាងលើ អ្នកអ្នកសារព័ត៌មានបានលើកជាសំណួរទៅ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ពាក់ពន្ធ័នឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ទាក់ទងនឹងជំនួយ ឬក៏សំណួរផ្សេងៗទៀតទៅ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សម្រាប់យកទៅផ្សព្វផ្សាយ៕