ក្រសួងធម្មការ គាំទ្រការដាក់វិន័យ អប់រំ ផ្នែករិយាធម៏ សីលធម៏ គុណធម៏ សុជីវធម៏ នៅវត្ដរាជបូណ៏
សៀមរាប៖ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានគាំទ្រ និងលើកស្ទួយផ្ដល់កម្លាំងចិត្ដបន្ថែម ចំពោះវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀម រាប ដែលកន្លងមក គឺល្បីល្បាញទូទាំងប្រទេស និងផ្សព្វផ្សាយ លើពិភពលោកខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌ ។
លោក បានគាំទ្របែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រគល់ភារកិច្ចប្រគេន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាផ្ទាល់គណៈសង្ឃនាយក សមាជិកថេរសភា ព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ទទួលភារកិច្ចសម្របសម្រួលការងារពុទ្ធសាសនា ដោយសហការជាមួយមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប និងប្រគល់ព្រះរាជប្រកាសនីយប័ត្រផ្ដល់គោរម្យងារជូនអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ជាសុព្រហ្មសិលាចារ្យ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ និងលោកស្រី អ៊ុន វុនលី ជាសុព្រហ្មសិលាចារ្យានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។
ពិធីនេះ បានប្រារព្ធឡើងនៅវត្តរាជបូណ៌ ស្ថិតនៅក្នុងភូមិវត្តបូ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ហើយពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក។
លោក ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនសមេ្តច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ និងអ្នកចូលរួមទាំងអស់ដោយក្តីនឹករលឹក។
លោក បានបញ្ជាក់ថា សព្វថ្ងៃនេះ ខេត្តសៀមរាប ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញបំផុត និងមានប្រាសាទបុរាណល្បីៗជាច្រើនទៀត។ ទន្ទឹមនេះ ខេតសៀមរាបក៏ជាខេត្តមួយមានធនធានព្រះសង្ឃដ៏កម្រ និងត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរម្យងារជា សម្តេចព្រះព្រហ្មរតនមុនី និងទទួលជួយមើលការងារកិច្ចការព្រះពុទ្ធសាសនា និងទីវត្តអារាមនានា ទូទាំងខេត្ត ដូចមានចែងក្នុងសេចក្តីសម្រេចរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។
លោករដ្ឋមន្រ្ដីបានបញ្ជាក់ថា សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងមួយជីវិតរបស់សម្តេច គឺបានបូជាចំពោះព្រះពុទ្ធសាសនា និងសង្គមជាតិ តាមរយៈការចូលរួមចំណែកកសាងនូវសមិទ្ធផលនានានៅតាមវត្តអារាមជាច្រើន ដូចជាវត្តរាជបូណ៌នេះជាដើម។
ក្នុងនាមក្រសួងធម្មការ និងសាសនា លោក
ក៏ សំណូមពរដល់សម្តេច ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃថ្នាក់ខេត្ត ព្រះគ្រូអនុគណស្រុក ព្រះមន្ត្រីសង្ឃថ្នាក់ស្រុក រួមគ្នាពង្រឹងព្រះធម៌ ព្រះវិន័យ និងលិខិតបទដ្ឋានគតិយុត្តនានាដែល មានស្រាប់ ដើម្បីលើកកម្ពស់កិត្យានុភាពតម្លៃនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ បន្ថែមពីនេះទៀត ជំរុញឱ្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមទីវត្តអារាម ឱ្យបានល្អស័ក្តិសមជាទីកន្លែងសម្រាប់គោរពសក្ការបូជា និងជាទីកន្លែងសម្រាប់ទេសចរជាតិ អន្តរជាតិ បានឈ្វេងយល់ពីវប្បធម៌ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិខ្មែរយើងតាំងពីអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយចំពោះអធិករណ៍ ដែលកើតមានទៅតាមធម៌វិន័យ រឿងធំធ្វើមកជារឿងតូច, រឿងតូចធ្វើទៅជារឿងល្អៗ ដើម្បីបញ្ចប់។
លោក ចាយ បូរិន បានថ្លែងបន្ថែមថា ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតដែលបានរៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ លើសពីនេះទៀត យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រ សំឡឹងទៅមុខសម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តន៍ ៥ដំណាក់កាល។ យុទ្ធសាស្ត្របញ្ចកោណ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាពនិងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល៕ . សំរិត