អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងខែកញ្ញាឆ្នាំនេះ បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ចំនួន ៤២ ពាក្យប្ដឹង
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានបញ្ជាក់ថា ក្នុងខែកញ្ញាឆ្នាំនេះ អង្គភាពបានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ចំនួន ៤២ ពាក្យប្ដឹង ។ ចំណែកឯមន្ត្រីចំនួន ១.១២២ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ៦៩១ នាក់ ។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី២៧ នៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៣នេះ បាន ដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1- ពិនិត្យ និង អនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី២៦ អាណត្តិទី៣ 2- ស្តាប់របាយការណ៍របស់អង្គភាព ប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 3- បញ្ហាផ្សេងៗ។
បើតាមរបាយការណ៍របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានបញ្ជាក់ថា មានមន្ត្រីចំនួន ១.១២២ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ៦៩១ នាក់ និងមន្ត្រី ៤៣១ នាក់ ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។ ចំណែកការងារពាក្យប្ដឹង អ.ប.ព. បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៤២ ពាក្យប្ដឹង។
អ.ប.ព. បានបើកវគ្គពន្យល់អំពីច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ – លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ – វាក្យសព្ទគតិយុត្តជាភាសាបរទេស និងទ្រឹស្ដី-បច្ចេកទេសក្នុង ការប្រើប្រាស់កុំព្យូទ័រសម្រាប់កិច្ចការរដ្ឋបាល ជូនបេក្ខជនដែលបានដាក់ពាក្យប្រឡងក្របខណ្ឌ មន្ត្រីរាជការស៊ីវិល អ.ប.ព. ឆ្នាំ២០២៣ រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជាច្រើនវគ្គ (៩វគ្គ) រហូតដល់ អស់បេក្ខជនដែលបានដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាលចំនួន ៣.៣២៤ នាក់។
អ.ប.ព. បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ៥៣ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ២០ អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀតតាមសំណើ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។
អ.ប.ព. បានបើកវគ្គបណ្តុះបណ្តាលស្តីពី “តួនាទី ភារកិច្ចអ្នកសង្កេតការណ៍ អ.ប.ព. សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣” ដល់មន្ត្រី អ.ប.ព. ចំនួន ៦០០នាក់៕