ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង់គ្លេស ផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ដល់កម្ពុជា និងប្រទេសដទៃទៀត ជំនួសប្រព័ន្ធ GSP

51

ភ្នំពេញ៖ ប្រទេសអង់គ្លេស បានប្រកាសផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) ដល់ប្រទេសកំពុងអភិវឌ្ឍរួមទាំងកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
យោងតាមសេចក្ដីប្រកាស របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) មានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុង នោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។ ជាមួយគ្នានេះដែរ ក៏បានបញ្ជាក់ថា ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាម វិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស។
សូមបញ្ជាក់ថា៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស សម្រេចបាន ៤៩៦.៣ លានដុល្លារ ធ្លាក់ចុះ ១៤.៦ ភាគរយប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង