ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថ Phaanedol គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថឈ្មោះ Phaanedol® Plus គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ ឬលក់ឱសថឈ្មោះ Phaanedol® Plus B/15 Blisters/ 180 Tablets គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលបាន និងកំពុងចរាចរនៅតាមគ្រឹះស្ថានលក់ឱសថមួយចំនួន។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត បញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ញិកា ដូចមានគំរូភ្ជាប់មកជាមួយ។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថ Phaanedol® Plus B/15 Blisters/ 180 Tablets ដែលគ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត ព្រោះឱសថទាំងនេះមិនអាច ធានាបាននូវ ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព បានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬ មានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធ ដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ឱសថគ្មានលេខបញ្ញិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាម ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថដែលគ្មានលេខបញ្ជិកា សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ៕