ស្រ្តីម្នាក់ត្រូវឃាតករអារ ក បណ្ដាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម ខណៈដែលគាត់លក់ដូរអីវ៉ាន់ នៅក្នុងផ្ទះម្នាក់ឯង
ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវឃាតករអារ ក បណ្ដាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម ខណៈដែលគាត់លក់ដូរអីវ៉ាន់ នៅក្នុងផ្ទះម្នាក់ឯង ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកប្ដីចេញទៅលក់ដូរ និងជួសជុលគ្រឿងអេឡិចត្រូនិច នៅមុខរោងចក្រកាត់ដេរ ដោយឡែកកូនប្រុសស្រី២នាក់ទៀត ទៅរៀនបាត់អស់ ហើយករណីនេះ ត្រូវបានសង្ស័យថា ជាអំពើប្លន់សម្លាប់យកទ្រព្យសម្បត្តិ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះឈឹម ស្រីមុំ អាយុ៤០ឆ្នាំ មុខរបរមក់ដូអីវ៉ាន់ចម្រុះច្រើនមុខ មានស្រុកកំណើតនៅភូមិព្រៃតាមូ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបច្ចុប្បន្នមានទីលំនៅផ្ទះកើតហេតុខាងលើ និងមានកូនប្រុស១នាក់ ស្រី១នាក់ នៅក្នុងបន្ទុកគ្រួសារ។ នៅព្រឹកថ្ងៃកើតហេតុ គាត់បានលក់ដូរអីវ៉ាន់នៅផ្ទះ
ចំណែកបុរសជាប្ដីបានទៅជួសជុលគ្រឿងអេឡិចត្រូនិច មានម៉ាញ៉េ និងទូរទស្សន៍ ព្រមទាំងបរិក្ខារអគ្គិសនី
នៅមុខរោងចក្រកាត់ដេរ ម្ដុំអតីតឡឥដ្ឋ ជិតសួនឧស្សាហ៍កម្មកាណាឌីយ៉ា ដោយពួកគាត់បានបែកគ្នាចេញរកស៊ីបែបនេះ រាល់ថ្ងៃ ល្ងាចឡើងទើបជួបជុំគ្នា រីឯកូនប្រុសស្រី២នាក់ទៀតទៅរៀន។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមកពុំមាននរណា បានដឹងថា គាត់ត្រូវឃាតករសម្លាប់នោះទេ លុះក្រោយពេលដែលកូនៗ របស់គាត់ត្រឡប់មកពីរៀនដល់ផ្ទះវិញ ស្រាប់តែប្រទះឃើញគាត់ដេកស្លាប់ ក្នុងថ្លុកឈាមបាត់ទៅហើយ ព្រមទាំងមានស្នាមអារ ក ថែមទៀតទើបកូនៗស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយកូនៗ ខលប្រាប់ប្ដី និងឪពុកបានដឹង ។ ពុំមាននរណាបានចាប់អារម្មណ៍ថា ឃាតករជានរណាឡើយ ព្រោះជនរងគ្រោះលក់ដូរនៅជាន់ផ្ទាល់ដី ហើយបានជួលជន់ទី១ និងជាន់ទី២ ឲ្យអ្នកផ្សេងស្នាក់នៅ ហើយដោយសារការលក់ដូរធ្វើឲ្យផ្ទះគាត់មានអ្នកចេញចូលជាហូរហែផងដែរ ។
ជាជំហ៊ានដំបូង ករណីនេះត្រូវបានសមត្ថកិច្ចសង្ស័យថា ជាអំពើឃាតកម្មប្លន់សម្លាប់ ហើយក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យជុំវិញកន្លែងកើតហេតុ រួចចងខ្សែហ៊ុំព័ទ្ធទីតាំងនោះ និងបានរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ និងស្រាវជ្រាវលើអំពើឃាតកម្មនេះ ដើម្បីស្រាវជ្រាវស្វែងរកឃាតករ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕