ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច តុលាការ ចាត់វិធានការតាមផ្លូវច្បាប់ និងកំណត់ស្ថានទម្ងន់ទោស មិនអាចលើកលែងបាន ចំពោះជនល្មើសដែលសម្លាប់ប្រពន្ធ និងកូន
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣នេះបានចេញសេចក្តីថ្លងការណ៍ ស្តីពីករណីឃាតកម្ម (សម្លាប់ប្រពន្ធ និងកូន)នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ពិតជាសោកសង្វេគចំពោះករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យជាស្វាមី និងជាឪពុកឈ្មោះ ម៉ែន សំអាង អាយុ ៣៦ឆ្នាំ បានធ្វើឃាតទៅលើប្រពន្ធឈ្មោះ យឿន ស្រីវលក្ខ័ណ អាយុ ៣២ឆ្នាំ និងកូនស្រីបង្កើតឈ្មោះ អឿន ចន្ទសីម៉ា អាយុ ២ឆ្នាំ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៦:០០នាទី នៅភូមិពោធិស្មាត ឃុំជើងកើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌របស់ ជនសង្ស័យជាស្វាមី និងជាឪពុក ដែលបានធ្វើឃាតប្រពន្ធ និងកូនស្រីបង្កើតខាងលើ ឱ្យស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តីឈឺចាប់ រន្ធត់ តក់ស្លុតឥតឧបមា ចំពោះករណីឃាតកម្មទៅលើប្រពន្ធ និងកូនស្រីបង្កើត បង្កឡើងដោយជន សង្ស័យជាឪពុក ដែលបង្ហាញពីអំពើឃោរឃៅព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ និងបានរំលោភបំពានយ៉ាង ធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិរស់រានមានជីវិតដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សូមអំពាវនាវដល់ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការតាមផ្លូវច្បាប់ និងកំណត់ ស្ថានទម្ងន់ទោសមិនអាចលើកលែងបានចំពោះជនល្មើសរូបនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះកើតមានក្នុង សង្គមជាតិយើងបន្តទៀត៕