ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ប្រកាសពីករណីកុមារអាយុ២ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី នៅខេត្តព្រៃវែង

45

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីកុមារអាយុ២ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី (H5N1) នៅភូមិឆ្មាលោត ឃុំស្នោងខាងត្បូង ស្រុកកំចាយមារ នៅខេត្តព្រៃវែង ខណៈពេលនៅផ្ទះកុមារមានមាន់ងាប់ជាហូរហែរ។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សីឱ្យបានជាប់ជានិច្ច ព្រោះជំងឺនេះបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ពិសេសលើកុមារដែលជាក្រុមហានិភ័យ និងងាយរងគ្រោះ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើកុមារីអាយុ២ឆ្នាំដែលបានស្លាប់ និងត្រូវបានបញ្ជាក់ថា វិជ្ជមាន វីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣ ដែលមានទីលំនៅក្នុងភូមិ ឆ្មាលោត ឃុំស្នឹងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ តាមការសាកសួរបង្ហាញថា នៅផ្ទះកុមារមានមាន់ងាប់ជាហូរហែរ។

នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយ តបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល ស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីស្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ករណីដែល បានស្លាប់នេះ គឺជាករណីផ្ដាសាយបក្សីទី៥៩ (ស្លាប់៤០នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។

របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ ពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹង? ជំងឺផ្តាសាយតាមរដូវកាលផងដែរ។

វិធានការបង្ការ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន៖ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែលគេ ហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្ល ឬ ទំនាក់ទំនងក្រសួងសុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង