ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនជនសង្ស័យ ០៤នាក់នៅពន្ធនាគារខេត្តស្វាយរៀង ដែលធ្វើសកម្មភាពយកកាំបិតកាប់ ជនរងគ្រោះ ០១នាក់

105

 

ស្វាយរៀង: ជនសង្ស័យ ០៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអយ្យាអមសាលាដំបូងខេត្ត និងដាក់ឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង ពាក់ព័ន្ធករណីហិង្សាដោយចេតនា ធ្វើសកម្មភាពយកកាំបិតកាប់ លើជនរងគ្រោះ ០១នាក់ ប្រុស បណ្តាលអោយរងរបួសធ្ងន់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបង្កបង្ក្រាបក្មេងទំនើង និងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋានដ្ឋាននគរបាលក្រុងស្វាយរៀង ក្រោយពីបានទទួលពាក្យបណ្តឹងពីអាណាព្យាបាល របស់ជនរងគ្រោះ ថាមានក្រុមក្មេងទំនើង ០១ក្រុម បានដេញកាប់កូនរបស់ខ្លួន ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង កាលពីវេលាម៉ោងប្រហែល ២២:០០ យប់ ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ ។

ក្រោយពីទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំង សហការ ជាមួយកម្លាំងជំនាញ ការិយាល័យ ព្រហ្មទណ្ឌធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ប្រុស ដែលបានធ្វើសកម្មភាពយកកាំបិតកាប់ លើជនរងគ្រោះ ០១នាក់ ប្រុស បណ្តាលអោយរងរបួសធ្ងន់ ពេលកំពុងធ្វើដំណើរដោយម៉ូតូត្រឡប់ទៅគេហដ្ឋានវិញ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងបានឃុំខ្លួន នៅពន្ធនាគាររួចហើយ។

លោកស្នងការនគរបាលខេត្តស្វាយរៀង បានស្នើសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការផ្តល់ព័ត៌មាន មកសមត្ថកិច្ចឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ពេលជួបហេតុការណ៍កើតឡើង ជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង