អភិបាលរាជធានីនាំយកបច្ច័យ ២៤លាន៨សែនរៀលនិង៧៤០ដុល្លារ វេរប្រគេនព្រះសង្ឃ កាន់បិណ្ឌវេនទី១២នៅវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ
ភ្នំពេញ៖ បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកជនកម្ពុជា មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលធ្វើឡើងដើម្បីគោរព នឹករលឹក និងដឹងគុណ ចំពោះមាតាបិតាញាតិកាទាំង៧សណ្ដាន ឥស្សរជន វីរៈជន និងអ្នកស្នេហាជាតិ ដែលបានចែក ឋានទៅលោកខាងមុខ ក្នុងបំណងឧទ្ទិកុសល ផលបុណ្យជូនដល់អ្នកទាំងនោះ ដែលភ្លាំងភ្លាត់ទៅកាន់អបាយភូមិ សូមអោយបានរួចរំដោះទៅកាន់សុគតិភព ។
ពាក់ព័ន្ធនឹងពិធីបុណ្យនេះ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ តុលាឆ្នាំ២០២៣ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី១២ បាន
នាំយកបច្ច័យ ចំនួន២៤លាន៨សែនរៀលនិង៧៤០ដុល្លារ ដែលបាន ពីសទ្ធាជ្រះថ្លារបស់មន្ត្រី ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ វេរប្រគេនព្រះសង្ឃវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ជាមួយគ្នានោះ លោកឃួង ស្រេង និងលោកស្រីជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ក៏បាននាំយកនូវបង្អែម នំនែក ចង្ហាន់បិណ្ឌបាត្ររួម និង គ្រឿងឧបភោគបរិភោគ ទៅវេរ ប្រគេនដល់ព្រះសង្ឃ ព្រមទាំងរាប់បាត្របង្សុកូលទ្ទិសកុសលជូនដល់បុព្វការីជន ដែលបាន ចែកដ្ឋានទៅកាន់លោកខាងមុខ ។
ពិធីកាន់បិណ្ឌនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្តែ បានបង្ហាញពីការរួបរួមសាមគ្គីគ្នារវាងព្រះសង្ឃនិងគ្រហស្ថ មន្ត្រីរាជការ អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូល ដ្ឋានដែល ជាការរួម ចំណែក ក្នុងការជួយទ្រទ្រង់ដល់វិសយ័ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជួយ ថែ រក្សា ប្រពៃណី ទំនៀមទំលាប់ កេរដំណែលដ៏ល្អប្រពៃ របស់ដូនតាយើង ថែមទៀតផង។
គួរបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិ ដែលប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលថ្ងៃភ្ជុំបិណ្ឌ។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើត ដើម្បីរៀបចំ ម្ហូបអាហារ បាយសម្លរ ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕