ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

«កម្ពុជា និងរុស្ស៊ី នឹងពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី”

88

 

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្ត ផ្តល់ការគាំទ្រ និងជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងគ្រាដ៏លំបាក។ ឯកឧត្តមឧបនាយករដ្ឋមន្តី ក៏បានកោតសរសើរដល់ការប្ដេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលដើរតួជា មូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនបន្ថែមទៀត។ ក្នុងនាមជាសាក្សី ដែលបានឃើញផ្ទាល់ភ្នែកពីស្ថានភាពកម្ពុជា នៅទសវត្សរ៍ឆ្នាំ១៩៨០ ឯកឧត្តម Anatoly Borovik បាន កោតសរសើរកម្ពុជាចំពោះការស្តារឡើងវិញប្រកបដោយភាពជោគជ័យក្រោយសង្គ្រាម។ ឆ្លៀតឱកាសនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃនិស្សិតកម្ពុជាមួយរូប ដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មថ្មីៗនេះ នៅប្រទេសអ៊ីស្រាអែល។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសាររំលែកទុក្ខរបស់ ឯកអគ្គរដ្ឋទូតរុស្ស៊ី ក្នុងគ្រាដ៏លំបាកនេះ ហើយបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់ រាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាពដល់និស្សិតកម្ពុជាទាំងអស់ នៅប្រទេសអ៊ីស្រាអែល។

ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងរុស្ស៊ី ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហ ប្រតិបត្តិការក្នុងវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន ពាណិជ្ជកម្ម ការវិនិយោគ និងវប្បធម៌ ក្នុងចំណោមវិស័យជាច្រើនទៀត។ ក្នុងស្មារតីនេះ ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចប្រជុំរ អន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ីលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ស្របពេលនឹងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ នៅដើមឆ្នាំ២០២៤ ខាងមុខ នេះ។ ភាគីទាំងពីរក៏បានពិភាក្សា និងចែករំលែកព័ត៌មានអំពីបញ្ហាអន្តរជាតិមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង