ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ណែនាំឱ្យរៀបចំកន្លែងសុវត្ថិភាពសម្រាប់ពលរដ្ឋនិងនិស្សិតខ្មែរនៅភាគខាងត្បូងអុីស្រាអែល ជាប់ព្រំប្រទល់អេស៊ីប

88

 

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារសំឡេងពិសេសនៅថ្ងៃនេះ ដោយគូសបញ្ជាក់ថា សម្ដេចបានប្រគល់ភារកិច្ចឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល រៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអុីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេស៊ីប និងប្រទេសចរដិន ដែលមានចំងាយជិត ៣០០គីឡូម៉ែត្រពីតំបន់ហ្កាសា។ សម្តេចធិបតីបញ្ជាក់ថា សុខសុវត្ថិភាពរបស់ប្អូនៗនិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

ប៉ុន្តែ គិតត្រឹមម៉ោង១២ពាក់កណ្តាលអធ្រាត្រត្រូវនឹងម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៣ នេះ មាននិស្សិតខ្មែរចំនួន ៤២២ នាក់ ( ក្នុងចំណោម ៤៥២ នាក់ដែលកំពុងស្នាក់នៅនិងធ្វើកម្មសិក្សាក្នុងប្រទេសអុីស្រាអែល) ដែលបានចុះឈ្មោះជាមួយក្រុមការងារ បានអះអាងថា ទីកន្លែងដែលពួកគេស្នាក់នៅ និងបំពេញកម្មសិក្សា គឺមានសុវត្ថិភាពគ្រប់គ្រាន់ ដោយមិនចាំបាច់ផ្លាស់ប្តូរទៅទីកន្លែងសុវត្ថិភាពថ្មីដែលក្រុមការងាររាជរដ្ឋាភិបាលរៀបចំជូននោះទេ។ នេះបញ្ជាក់ថា ប្អូនៗបានវាយតម្លៃពីសន្តិសុខនៅទីតាំងដែលខ្លួនកំពុងរស់នៅយ៉ាងច្បាស់លាស់ ព្រោះទីតាំងរស់នៅសព្វថ្ងៃក៏ជាទីតាំងដែលរាជរដ្ឋាភិបាលធ្លាប់បានអន្តរាគមន៍ដើម្បីឱ្យអាជ្ញាធរនិងសាកលវិទ្យាល័យដៃគូនៅអុីស្រាអែលរៀបចំឱ្យបានល្អគ្រប់យ៉ាង ជាពិសេសការគិតពីសុខសុវត្ថិភាពជាចម្បង។

ចំណែកនិស្សិត ៣០ នាក់ផ្សេងទៀតនៅមិនទាន់បានចុះឈ្មោះតាមអនឡាញនិងក៏មិនទាន់បានបញ្ជាក់ជំហររបស់ខ្លួនថា ចង់ទៅតាំងនៅកន្លែងសុវត្ថិភាពដែលរៀបចំដោយរាជរដ្ឋាភិបាលឬបន្តស្នាក់នៅកន្លែងដដែលនៅឡើយទេ។ ក្រុមការងាររាជរដ្ឋាភិបាលកំពុងបន្តធ្វើការងារនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអុីស្រាអែលចំនួន ៤៥២នាក់ ហើយមកទល់នឹងពេលនេះ និស្សិតទាំងនោះ មានសុវត្តិភាពទាំងអស់គ្នា ដោយមានការការពារយ៉ាងតឹងរឹង ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់ម្ចាស់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅនិងហាត់ការ។

ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់ការវិវឌ្ឍន៍នៃសភាពការណ៍នៅក្នុងប្រទេសអុីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវសុខទុក្ខ ជាពិសេសសុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍បានផ្ទុះឡើកាលពីថ្ងៃទី៧ ខែតុលា គឺមួយសប្តាហ៍មុននេះ។

ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងនៅបន្តតាមដានសភាពការណ៍វិវត្តន៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ហើយនិងត្រៀមលក្ខណៈដើម្បីជួយដល់ប្អូនៗ ដើម្បីធានានូវសុខសុវត្ថិភាពរបស់ប្អូនៗទាំងអស់គ្នា  រួមទាំងការចល័តចេញពីតំបន់មានហានិភ័យទៅកាន់តំបន់សុវត្ថិភាពតាមការចាំបាច់។ ក្រៅពីសុវត្ថិភាព ក្រុមការងាររាជរដ្ឋាភិបាលក៏បានបន្តតាមដានពីជីវភាពរស់នៅនិងសតិអារម្មណ៍របស់ប្អូនៗជាប្រចាំ។  បញ្ហាប្រឈមទាំងឡាយត្រូវបានដោះស្រាយដោយយកចិត្តទុកដាក់និងដោយសហការជាមួយអាជ្ញាធរនិងដែគូនៅអ៊ីស្រាអែលផ្ទាល់ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

បន្ថែមលើនេះ សម្តេចធិបតីបានអំពាវនាវសារជាថ្មី ចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអុីស្រាអែល ជាពិសេសប្អូនៗនិស្សិត សូមគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្អូនៗ។

សូមប្អូនៗមានលំនឹងក្នុងចិត្តថា រាជរដ្ឋាភិបាលកម្ពុជាមិនទុកប្អូនៗចោលនោះទេ តែផ្ទុយទៅវិញរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ប្អូនៗ ដោយចាត់វិធានការចាំបាច់ទៅតាមអ្វីដែលយើងអាចធ្វើបាន និងដោយសហការណ៍យ៉ាងល្អជាមួយអជ្ញាធរអ៊ីស្រាអែល។

ជាចុងក្រោយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិនេះ សម្តេចធិបតី បានជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្អូនៗនិស្សិតដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល និងក្រុមគ្រួសារ សូមប្រកបទៅដោយសេចក្ដីសុខ សុវត្ថិភាព និងទទួលបានជោគជ័យក្នុងគ្រប់កិច្ចការទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង