ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញទទួលស្វាគមន៍ ការមកដល់ជើងហោះហើរពាណិជ្ជកម្មដំបូង ជាប្រវត្តិសាស្ត្រ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី
សៀមរាប ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជា រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី ព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ព្រះរាជាណាចក្រ កម្ពុជាទាំងមូលនិយាយជារួម ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប រួមទាំងវិស័យឯកជនពាក់ព័ន្ធ ដែលមានសេចក្តីរំភើបឥតឧបមា នៅពេលអាកាសយានដ្ឋានលំដាប់អន្តរជាតិថ្មីនេះ ចាប់ផ្តើមដំណើរការតាមការគ្រោងទុក។
ជើងហោះហើរដំបូងនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ ពីសំណាក់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជា រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ និងវិនិយោគិន អាកាសយានដ្ឋានមកពីខេត្តយូណាន់ នៃសាធារណរដ្ឋប្រជាមានិតចិន ។
គោរពអនុវត្តតាមផែនការ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម កម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប្រជាការពារ និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម បានការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនគណៈប្រតិភូជាតិ-អន្តរជាតិ ដែលអញ្ជើញមកចូលរួម “ពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
ការសាងសង់អាកាសយានដ្ឋានដ៏ទំនើប និងមានសោភ័ណភាពយ៉ាងស្រស់បំព្រងនៅពេលនេះ។ តាមកម្មវិធីហោះហើរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងទទួលបានជើង ហោះហើរចំនួន ១៦ជើង ឬស្មើនឹង ៣២ចលនាជើងហោះហើរ (ចុះចតនិងហោះឡើង) នៅក្នុងថ្ងៃនេះ ដោយជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways, PG903, ចាត់ទុកជាជើងយន្តហោះពាណិជ្ជ កម្មដំបូងបំផុត ដែលបានចុះចតនៅអាកាយានដ្ឋានដ៏ថ្មីស្រឡាងរបស់យើង។
សូមជម្រាបថា៖អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចម្ងាយពីប្រាសាទអង្គរវត្ត ៤០ គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប ទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី ៧០០ហិកតា គ្រោងនឹងដាក់សម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បាន សាងសង់រួចរាល់ទាន់ពេលវេលា បានចំណាយទុនវិនិយោគដល់ទៅ ១,១០០ លានដុល្លារ អាម៉េរិក គឺបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និង កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ហើយគោលនយោបាយនេះ កំពុងបន្តពូន និងថែទាំ ដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕