ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វីល្លាមកាំង ត្រូវដាក់ក្នុងបន្ទប់វិន័យ២សប្ដាហ៍ ដោយសារលួចប្រើទូរស័ព្ទក្នុងពន្ធនាគារ

103

ភ្នំពេញ៖
អគ្គនាយកដ្ឋានពន្ធនាគារ ចេញមកបំភ្លឺជុំវិញករណីលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លាម ហ្គ័ង បញ្ចេញសារសម្លេងពីក្នុងមណ្ឌលអប់រំកែប្រែទី១ ដោយក្នុងនោះអគ្គនាយកដ្ឋានពន្ធនាគារបានចាត់វិធានការចាំបាច់ចំនួនពីរចំណុច ។

ការចាត់វិធានការនេះ បន្ទាប់ពីពិរុទ្ធជន វីល្លាម ហ្គ័ង បានបញ្ចេញសារនយោបាយពីក្នុង មណ្ឌលអប់រំកែប្រែទី១ និងត្រូវបានយកទៅបង្ហោះតាមបណ្តាញសង្គម កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ។

ជុំវិញករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈសេចក្ដីបំភ្លឺនៅថ្ងៃទី១៧ ខែតុលានេះ បានឱ្យដឹងថា តាមការស្រាវជ្រាវពីមន្ត្រីជំនាញទូរគមនាគមន៍ សារសម្លេងទាំងស្រុងខាងលើត្រូវបានបញ្ចេញតាម ប្រព័ន្ធទូរស័ព្ទអចល័ត (ជាប់ជញ្ជាំង) សម្រាប់ជនជាប់ឃុំប្រើប្រាស់ស្របច្បាប់ កាលពីវេលាម៉ោង ១៥.៤៧នាទី រសៀល ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ពីអគារ “ក” នៃមណ្ឌលអប់រំកែប ទី១ ទៅកាន់ឈ្មោះ មាស សុភ័ក្រ្ត ដែលជាប្រធានស្តីទី គណបក្សខ្មែរក្រោក ទូរស័ព្ទលេខ ០៨៧ ៣៣៣ ៣៦២ និងត្រូវបានឈ្មោះនេះថតទុកក្នុងពេលសន្ទនា និងយកទៅបង្ហោះចែកចាយលើ គណនីបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ដោយពិនិត្យឃើញថា ទង្វើនេះជាសកម្មភាពល្មើសច្បាប់ ដូចមានចែងក្នុងចំណុចទី៦ មាត្រា៦ ថ្មី (ពីរ) នៃច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ (ឆ្នាំ២០១៧) និងជាសកម្មភាពល្មើសបទបញ្ជាផ្ទៃក្នុងពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃបានចាត់នូវវិធានការចាំបាច់រួមមាន៖

ដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើបុគ្គលឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងឈ្មោះ មាស សុភ័ក្ត្រ ប្រធានស្តីទី គណបក្សខ្មែរ ក្រោក ករណីប្រើប្រាស់សារសម្លេង និងរូបភាពទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមឱ្យធ្វើ សកម្មភាព ដើម្បីជាប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយខ្លួន ។

សម្រេចដាក់វិន័យជនជាប់ឃុំឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ឱ្យនៅក្នុង បន្ទប់ដាក់វិន័យ ហាមប្រើប្រាស់ប្រព័ន្ធទូរស័ព្ទអចល័ត និងមិនអនុញ្ញាតជួបសួរសុខទុក្ខជាមួយញាតិមិត្តខាងក្រៅ រយៈពេល០២សប្តាហ៍ ចុះកំណត់ហេតុល្មើសបទបញ្ជាផ្ទៃក្នុង និងបង្កើនចំណាត់ថ្នាក់សន្តិសុខ ៕

អត្ថបទដែលជាប់ទាក់ទង