ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋរស់នៅខណ្ឌដូនពេញ ស្នើរអោយ អាជ្ញាធររាជធានីភ្នំពេញចាត់វិធានការសត្វស្វា ដែលតែងយាយី និងរំខានការរស់នៅរបស់ពួកគាត់

765

 

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ បានស្នើរអោយ អាជ្ញាធររាជធានីភ្នំពេញ ចាត់វិធានការ យកសត្វស្វាចេញអោយអស់ពីមូលដ្ឋានពួកគាត់ ដោយសារតែវាបានយាយី រំខានដល់ការរស់នៅរបស់ពួកគាត់។

ការស្នើរសុំរបស់ប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញតំណាងអោយលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ។

ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ សូមជម្រុញលើការអប់រំអោយបានខ្លាំងក្លាក្នុងវិស័យអប់រំដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ,សូមដោះស្រាយចំពោះក្រុមហ៊ុនឯកជន ឃួងដី នាំអោយស្រុតផ្ទះពួកគាត់និងមិនអនុវត្តតាមកិច្ចសន្យា , សំណូមពរ កុំអោយយកលុយថ្លៃសំរាមនៅតាមគ្រឹះស្ឋានសិក្សារបស់រដ្ឋ,សូមគាំទ្រផលិតផលខ្មែរដូចគ្នា, សូមចាត់វិធានការ យកសត្វស្វាចេញអោយអស់ពីមូលដ្ឋានពួកគាត់ ដោយសារតែវាបានយាយី រំខានដល់ការរស់នៅរបស់ពួកគាត់រាល់ថ្ងៃ និងសូមចាតវិធានការចំពោះចោរលួចទូរស័ព្ទនៅក្នុងមន្ទីរពេទ្យកាល់ផងដែរ។

លោកសុខ ពេញវុធ បានមានប្រសាសន៍ថា៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅខណ្ឌដូនពេញនេះ មានប្រជាពលរដ្ឋបានលើកឡើងជាសំណើរនិងសំណូមពរផ្ទាល់មាត់ចំនួន៨នាក់ស្នើនិង១៥បញ្ហានិងជាលាយល័ក្សអក្សរចំនួន៤០បញ្ហា ។ចំពោះសំណើរនិងសំណូមពរផ្ទាល់មាត់ចំនួន៨នាក់ស្នើនិង១៥បញ្ហានេះខាងលើ យើងបានដោះស្រាយបញ្ចាប់រួចរាល់។ ចំពោះសំណើរជាលាយល័ក្សអក្សរចំនួន៤០បញ្ហាយើងនឹងបញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍន៍៣ឆ្នាំរំកិល ហើយអ្វីដែលនៅសេសសល់យើងនឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។

លោកជួប ខុន បានមានប្រសាសន៍ដែរថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានជាដើម។

លោកជួប ខុន បានបន្តថា រាល់សំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ
កាលពីឆ្នាំ២០២២ ក្រុមប្រឹក្សារាជធានីបានចាត់អោយរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយជូនជាបន្តបន្ទាប់ ហើយអ្វីដែលនៅសេសសល់យើងក៏បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលខណ្ឌអស់ហើយដែរ។

លោកជួប ខុន បានបញ្ជាក់ទៀតថា៖ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅទូទាំង១៤ខណ្ឌនៃរាជធានី កាលពីឆ្នាំ២០២២កន្លងទៅ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរនិងសំណូមពរចំនួន៨៧០បញ្ហា ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយជូនពួកគាត់ ។ក្នុងចំនួននេះរដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយជូនពួកគាត់រួចរាល់ចំនួន៤៤៤បញ្ហា ,បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលចំនួន២១៧បញ្ហា និងនៅសល់១០១បញ្ហា មិនទាន់បានដោះស្រាយ ដោយសារតែហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធររាជធានីភ្នំពេញ៕

   

អត្ថបទដែលជាប់ទាក់ទង