ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល បានស្នើភាគីមិត្តចិនជួយពិនិត្យ និងជម្រុញគម្រោងដែលក្រសួងសុខាភិបាលកម្ពុជា បានលើកសំណើដែលកំពុងពិចារណា

36

 

ប្រទេសចិន៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការគណៈកម្មាធិការសុខាភិបាលជាតិ ទីក្រុងប៉េងកាំង។ ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា បន្ទាប់ពីមានទំនាក់ទំនងការទូតពីឆ្នាំ១៩៥៨ ចំណងមិត្តភាពរវាងប្រទេសទាំងពីមានការរីកចំរើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងនូវអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា ជាពិសេសក្នុងវិស័យសុខាភិបាល តាមរយៈគម្រោងជំនួយរបស់មិត្តចិនជាច្រើនត្រូវបានផ្តល់ជូនកម្ពុជា ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ការផ្តល់រថយន្តសង្គ្រោះគិលានសង្គ្រោះ ការផ្តល់គ្លីនិកចល័ត និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រជាច្រើន ជាពិសេសបានបញ្ជូនអ្នកជំនាញឯកទេសក្នុងការជួយលើផ្នែកបច្ចេកទេស ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានជម្រាបជូនថា ភាគីមិត្តចិនសូមកោតសរសើរក្រសួងសុខាភិបាលកម្ពុជា ចំពោះកិច្ចសហការល្អ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការសុខាភិបាល អាស៊ាន-ចិន ដែលក្នុងនោះភាគីមិត្តចិន បានស្នើគម្រោងបង្កើតមជ្ឈមណ្ឌលសុខភាពមាតា និងទារក អាស៊ាន-ចិន ដែលកម្ពុជាបានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរនេះ។ ភាគីមិត្តចិនសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាលនឹងឈានឡើងទៅដល់កម្រិតខ្ពស់។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសំដែងនូវការអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជាជាពិសេសលើវិស័យសុខាភិបាល ដូចជាពេលថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាលកម្ពុជា និងភាគីមិត្តចិនបានសម្ពាធគ្លីនិកឱសថបុរាណចិន នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិនបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំតាមរយៈគម្រោងជាច្រើនមានដូចជា៖ ១)កិច្ចសហប្រតិបត្តិការទ្វេភាគី ២)កិច្ចសហប្រតិបត្តិការក្រោមជំនួយហិរញ្ញប្បទានឥតសំណងពិសេស ៣) កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។ ក្រសួងសុខាភិបាល បានស្នើភាគីមិត្តចិនជួយពិនិត្យ និងជម្រុញគម្រោងដែលក្រសួងសុខាភិបាលកម្ពុជា បានលើកសំណើដែលកំពុងពិចារណា ក្នុងនោះរួមមាន៖
ក- កិច្ចសហប្រតិបត្តិការទ្វេភាគី៖
១- គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដើម្បីបង្កើតបន្ទប់វះកាត់ជំងឺបេះដូង និងសរសៃរឈាមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
២- គម្រោងកែប្រែមន្ទីរពេទ្យហ្លួងម៉ែទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក
៣- គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
៤- គម្រោងអភិវឌ្ឍន៍មណ្ឌលសុខភាពនៅតាមបណ្តាខេត្ត
ខ- ហិរញ្ញប្បទានឥតសំណងពិសេស៖
១- ការសាងសង់ និងជួសជុលមណ្ឌលសុខភាព ជាគម្រោងអាទិភាពក្នុងគ្រាអាសន្ន
២- គម្រោងសាងសង់អគារពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ
គ-កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖
១- បង្កើនសមត្ថភាពសហគមន៏ និងមន្ត្រីសុខាភិបាលប្រយុទ្ធនឹងជំងឺគ្រុនឈាមក្នុងខេត្តមួយចំនួន
២- គម្រោងកាត់បន្ថយការចំលងជំងឺគ្រុនឈាម តាមរយៈការអប់រំសុខភាព និងការចូលរួមរបស់សហគមន៍ក្នុងខេត្តដាច់ស្រយាល។

ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានបញ្ជាក់ជូនថា ភាគីមិត្តចិននឹងពិនិត្យលើគម្រោងដែលក្រសួងសុខាភិបាលកម្ពុជាបានលើកសំណើឱ្យបានឆាប់រហ័ស ព្រមទាំងសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ គណៈកម្មាធិកាសុខាភិបាលជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ជាក់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីរួមចំណែកជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសគឺសំដៅលើកកម្ពស់ការអនុវត្តតាមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឺកនាំប្រទេសទាំងពីរ

ក្នុងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរីកចម្រើនជាលំដាប់ស្របតាមគោលដៅ “កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ“ និងកំពុងអនុវត្ត ” ផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន“។

អត្ថបទដែលជាប់ទាក់ទង