ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមកម្ពុជា និងអភិបាលខេត្តកំពង់ស្ពឺអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកគងពិសី

44

 

កំពង់ស្ពឺ , ប្រជាពលរដ្ឋចំនួន ២៧៧គ្រួសារ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលរងគ្រោះដោយសារទឹកជំនន់ ទទួលបានអំណោយជួយសង្គ្រោះរបស់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ អំណោយនេះត្រូវបានចែកជូនប្រជាពលរដ្ឋនៅពីរទីតាំងផ្សេងគ្នា ដោយទីតាំងទីមួយ មានចំនួន ១៥០គ្រួសារ ស្ថិតនៅវត្តអង្គរោង ក្នុងភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងទីតាំងទីពីរ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា។

លោក យូ ឡាណា បាននាំនូវការផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងការកោតសរសើរចំពោះថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិសាខា អនុសាខាខេត្តកំពង់ស្ពឺ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តនូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការគិតគូរពីជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋទាំងអស់ និងបានជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះផងដែរ។

លោក អគ្គលេខាធិការរង បានបន្តថា ក្រោយទទួលរបាយការណ៍ពីសាខា អំពីគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង ដែលបង្កឱ្យមានផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ផ្ទះសម្បែង ស្រែចំការ របស់ប្រជាពលរដ្ឋ ភ្លាមៗនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យអាជ្ញាធរបន្តតាមដានឱ្យបានម៉ត់ចត់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិនៅក្នុងរដូវភ្លៀងធ្លាក់យ៉ាងកំហុករយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ចាប់តាំងពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មកនេះ ករណីទឹកជំនន់បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣៩៧គ្រួសារ នៅក្នុង ៨ភូមិ ក្នុង ៣ឃុំ (ឃុំស្នំក្រពើ ប៉ះពាល់ ៤ភូមិ  ឃុំមហាឫស្សី ប៉ះពាល់ ចំនួន ២ភូមិ និងឃុំព្រៃវិហារ ប៉ះពាល់ចំនួន ២ភូមិ) ដែលសរុបមកបានប៉ះពាលដល់ប្រជាពលរដ្ឋចំនួន ២៧៧គ្រួសារ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង