បញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាពនៅថ្ងៃទី២៤ ខែតុលា
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី
ការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួងសុខាភិបាលនឹងរៀបចំពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលស្ថិតនៅភូមិ កប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី
ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទ ឆ្លងកាត់មហាវិថីឈ្នះឈ្នះចាប់ពីស្ពានព្រែកព្នៅ រហូតដល់ ផ្លូវជាតិលេខ៤ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការ ធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះ អាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ រដ្ឋបាលខណ្ឌឫស្សីកែវ រដ្ឋបាលខណ្ឌ សែនសុខ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលខណ្ឌកំបូល មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់។
អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ,អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន២០៦ គ្រែ, អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២,៨៣៥ ម៉ែត្រការ៉េ,អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់ រួចជាស្ថាពរនិងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេស កម្ពុជាដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំមន្ទីរពេទ្យជាតិដ៏ធំមួយនេះអាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។