ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ កំពុងសិក្សាបែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្ស ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់

43

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ តំណាងអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ បានលើកឡើងពីសំណើបង្កើនកិច្ចសហប្រតិបត្តិការ និងការសហការគាំទ្រ ក្នុងការចូលរួមអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនេះ និងអនុញ្ញាតឱ្យអនុវត្តទៅតាមផែនការដែលរៀបចំឡើង ដោយត្រូវជួបពិភាក្សាបន្ថែមជាមួយក្រុមការងារជំនាញដើម្បីធ្វើការរួមគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងអភិរក្សមួយចំនួនដែលបាននិងកំពុងដំណើរការ ដូចជាការអភិរក្សសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង ការអភិរក្សដំរីនៅរតនគិរី និងការការពារប្រភេទពូជរុក្ខជាតិលម្អកេសរកូលជាដើម។

ភាគីទាំងពីរបានលើកឡើងអំពីការពិនិត្យលទ្ធភាពឱ្យមានការសិក្សាបែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្សនេះ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង