គ្រោះមហន្តរាយទឹកជំនន់ នៅតែឈរក្នុងលំដាប់លេខរៀងទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ:គ្រោះមហន្តរាយទឹកជំនន់ នៅតែឈរក្នុងលំដាប់លេខរៀងទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កផល់ប៉ះពាល់ និងខូចខាតដល់មូលដ្ឋានរាជធានី,ខេត្តចំនួន២០ ប៉ះពាល់ប្រជាជនចំនួន២៩៤៨៩
គ្រួសារ ដែលក្នុងនោះ ជម្លៀស២០២៩គ្រួសារ ប្រជាជនរងគ្រោះស្លាប់៦នាក់(ស្រ្តី៤)រងរបួស ៦នាក់ សាលារៀនលិចទឹក៨៦កន្លែង។
ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែប នេះ ក្នុងពិធី ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣តុលា សម្រាប់ឆ្នាំ២០២៣ក្រោម ប្រធានបទ វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគន៍ នៅថ្ងៃសុក្រ៦កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនិងថ្ងៃទី២០ តុលា ២០២៣ នៅ
មជ្ឈមណ្ឌលពិព័ណ៍សន្និបាតជ្រោយចង្វារ OCIC ។
ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហប ណ្ឌិត គន់ គីម បានបញ្ជាក់ថា៖ តាមរយៈទិវាជាតិ គ្រោះមហន្តរាយ នៅថ្ងៃនេះ យើងបានបញ្ជាក់ពីការប្តេជ្ញា ចិត្តរបស់យើងក្នុងការពង្រឹងបន្ថែមនូវ យន្តការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយដោយផ្លាស់ប្ដូរការផ្តោតលើការឆ្លើយតប ទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងការកសាងភាពធន ដែលនឹងក្លាយជាសមីការថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើដំណើរចាកចេញពីសកម្មភាពឆ្លើយតបគ្រោះមហន្តរាយតាមបែបប្រពៃណី ដែលយើងតែងធ្វើកន្លងមកឆ្ពោះទៅកាន់សកម្មភាពថ្មីដោយភាពវៃឆ្លាតមានការព្យាករណ៍ទុកជាមុន និងការចាត់វិធានការមុន ជាមួយចក្ខុវិស័យយ៉ាងច្បាស់លាស់ យុទ្ធសាស្ត្រស៊ីជម្រៅ និងផែនការជាក់លាក់។
ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា៖ ទឹកជំនន់ក៏បានជន់លិចដំណាំស្រូវចំនួន២២,៧១៣ហិកតា និងខូចខាត៤,៥៨៣ហិកតា ដំណាំរួមផ្សំលិចទឹកចំនួន ៣,០២៦ហិកតា និងខូចខាត ១,២៩៧ហិកតា ជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពចំនួន ៦,៨៧៨ក្បាល និងងាប់ ៦ក្បាល។ បន្ថែមពីលើនេះទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង ៥,០៦៩ម៉ែត្រ, ផ្លូវគ្រួសក្រហម បេតុង និងដីសប្រវែង ១៧៤, ៨៧៦ម៉ែត្រ,ប៉ះពាល់និងខូចខាតស្ពានឈើបេតុង និងស្ពានបាឡេចំនួន៥៣កន្លែង ។
ឯកឧត្ដមបានបន្ដថា៖ តាមរយៈ ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣តុលា សម្រាប់ឆ្នាំ២០២៣ នេះ យើងបាន មូលដ្ឋានសម្រាប់ ត្រៀមរៀបចំ ជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិទាំង២៥ រាជធានី ខេត្ត ដើម្បីពង្រឹងការរៀបចំសម្រាប់ការឆ្លើយតបសង្រ្គោះបន្ទាន់ក្នុងហេតុការណ៍គ្រោះ មហន្តរាយ។ យើងបានសម្របសម្រួលធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ថ្នាក់ជាតិ និងថ្នាក់ខេត្តទាំង២៥ រាជធានីខេត្តផងដែរ ៕ ដោយ. សំរិត