ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីឲ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ ប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង

101

 

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា ដើម្បីឲ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង ។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីបើក វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មានចំនួនជាង ១០០ នាក់ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នាអគារសេរីភាព។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា សារព័ត៌មានដើរតូនាទីសំខាន់ នៅក្នុងការផ្សព្វផ្សាយការពិត ជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ។

ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន នឹងធ្វើឲ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតូនាទីសំខាន់ ជាសំឡេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតួនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន ទៅពិភពលោក ។ ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សម្ភារៈ សម្រាប់បម្រើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម ។ ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាន នោះទេ គឺសម្រាប់អ្នកសារព័ត៌មានជារួមក៏ត្រូវធ្វើទំនើបកម្មនេះដែរ ដោយក្រសួងបាន ដាក់អោយដំណើរការឡើងវិញ នូវមជ្ឍមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព។

កម្រិតនៃចំណះដឹងនិងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មាន ប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកពីកិច្ចការងារគាំពារមន្រ្តី និងអ្នកសារព័ត៌មាន ដោយក្រសួងព័ត៌មានព័ត៌មាន បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព ដោយគ្រាន់តែអ្នកសារព័ត៌មានអញ្ជើញទៅ បង្ហាញកាតដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង