ជនសង្ស័យ ចំនួន ២នាក់បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីហិង្សា បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់
តាកែវ ៖ ជនសង្ស័យ ចំនួន ២នាក់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានកសាងសំណុះរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាប់ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចាត់ការតាមនីតិវិធី និងបន្តតាមចាប់ខ្លួនជនសង្ស័យមួយចំនួនទៀតដែលរត់គេចខ្លួន។
ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំកម្លាំងបញ្ជាដោយលោក វរ:សេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុក សហការជាមួយ នឹងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត កំណត់មុខសញ្ញាស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ មានទី ១.ឈ្មោះ ណុង សំភាស់ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត និងទី
២.ឈ្មោះ ហ៊ាន មុន្នីវឌ្ឍន៍ ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ចន្លោះម៉ោង១៤:៣៣ ទៅ១៥:០០នាទី ចំណុចផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិឬស្សី០១គុម្ពឃុំ អូសារាយស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ និត សារ៉ាន ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅភូមិពករុន ឃុំស្រែចែង ស្រុកជុំគីរីខេត្តកំពត រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ព្រមទាំងដកហូតម៉ូតូម៉ាកC125 សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ(បាញ់ថ្នាំ ស)ឡើងតែមឆ្នាំ២០២២កាំបន្ទះពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HT.1178 ចំនួន១ គ្រឿង និងទូរសព្ទដៃ ១គ្រឿង ចំណែកបក្ខពួកមួយចំនួនបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុះរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី និងបន្តតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕