ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ថ្លែងអំណរគុណគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធ ដែលបានអន្តរាគមន៍ទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់

91

 

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែតុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធ ដែលបានអន្តរាគមន៍ទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងបានណែនាំឱ្យបន្តត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលា។

សម្ដេចធិបតី ក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរងការខូចខាតដោយទឹកជំនន់ និងផ្ដល់ស្រូវពូជដល់ប្រជាកសិករដើម្បីចាប់ផ្ដើមការដាំដុះឡើងវិញ។

សម្ដេចធិបតី ក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាឱ្យបានល្អិតល្អន់ដើម្បីបញ្ចៀសផលប៉ះពាល់ដោយទឹកជំនន់ទៅថ្ងៃអនាគត នៅតំបន់ណាដែលអាចកាត់បន្ថយ ឬបញ្ចៀសបាន។

ក្រៅពីនេះ សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើនសកម្មភាពទាក់ទាញទេសចរណ៍ ជាពិសេស ពង្រឹងការគ្រប់គ្រងតំបន់អង្គរឱ្យបានកាន់តែល្អប្រសើរ។

សម្ដេចធិបតី ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ឱ្យបានអធិកអធម ដើម្បីបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋ ប្រកបដោយសន្តិសុខ និងសុវត្ថិភាពល្អ៕

អត្ថបទដែលជាប់ទាក់ទង