ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្រ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៅសាធារណរដ្ឋបជាមានិតចិន

63

 

ភ្នំពេញ ៖ ក្រសួងការពារជាតិ នៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្ររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៅសាធារណរដ្ឋបជាមានិតចិន។

តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញទស្សនកិច្ចមិត្តភាពផ្លូវការលើកទី១ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៣ ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការ លើកទី១ ចេញទៅក្រៅប្រទេស របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ។

ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងជួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងការពារជាតិសាធារណរដ្ឋប្រជាមានិតចិន ក្នុងន័យដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិដ៏ល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជម្រុញការអនុវត្តកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ របស់រដ្ឋាភិបាលទាំងពីរ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១០ ក្រោមមូលបទ “សន្តិសុខរួម សន្តិភាពយូរអង្វែងៗ។ វេទិកាប៉េកាំងសៀងសាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសម័យប្រជុំពេញអង្គលើកទី១ លើប្រធានបទ “ទំនួលខុសត្រូវនៃប្រទេសធំៗ និងកិច្ចសហប្រតិបត្តិការសន្តិសុខសកល” នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ សិង្ហបុរី និងឥស្សរជនបរទេសមួយចំនួន ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា ជាមួយបណ្តប្រទេសនានា។

ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា នឹងកងយោធពលខេមរភូមិន្ទ ក្នុងការសហការជាមួយភាគីចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែស៊ីជម្រៅសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល៕

 

អត្ថបទដែលជាប់ទាក់ទង