ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតថៃ បានពិភាក្សាពីកាលានុវត្តភាពសម្រាប់ កិច្ចសហប្រតិបត្តិការពង្រឹងទេសចរណ៍ ឱ្យកាន់តែប្រសើរឡើង

87

 

ភ្នំពេញ ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ឈឹតខាត អាត ថោករ (Cherdkiat Atthakor) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូរាប់ទាំងតំណាងការិយាល័យអាជ្ញាធរទេសចរណ៍ថៃ (TAT) នៅទីក្រុងបាងកក និងប្រទេសវៀតណាម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ។

ភាគីទាំងពីរបានពិភាក្សាពីកាលានុវត្តភាពសម្រាប់កិច្ច សហប្រតិបត្តិការពង្រឹងទេសចរណ៍ រវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងភាពធន់ សំដៅ ជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង និងការពង្រឹង សមត្ថភាពប្រកួតប្រជែងក្នុង
កម្រិតអនុតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិស័យទេសចរណ៍។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងបានបង្ហាញពីកត្តាសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររួមរបស់ក្រសួង ទេសចរណ៍ក្នុងការប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ភាពប្រកួត ប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្ដោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥- Build” និងការងារយុទ្ធសាស្ត្រគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។ ភាគីទាំងពីរ បានរំលឹកពីស្មារតីនៃជំនួបពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ អំឡុងដំណើរ ទស្សនកិច្ចកាលពីខែកញ្ញា ឆ្នាំ២០២៣ នៅកម្ពុជា ដែលបានឯកភាពគ្នាជំរុញផ្នែកពាក់ព័ន្ធក្នុងការអនុវត្ត ផែនការសកម្មភាពរួមស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ ២០២៣-២០២៥។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាគ្នាបន្ថែមក្នុងការអនុវត្តផែនការសកម្មភាព ខាងលើ ដោយផ្តោតលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែននៃប្រទេសទាំងពី ការផ្សព្វផ្សាយ ទេសចរណ៍រួមក្រោមយុទ្ធនាការ “ព្រះរាជាណាចក្រពីរ គោលដៅមួយ” ការអភិវឌ្ឍន៍ធនធានមនុស្ស និងការ វិនិយោគក្នុងវិស័យទេសចរណ៍ ព្រមទាំងពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទ្វេភាគីកម្ពុជា-ថៃលើក ទី៣ ក្នុងឆ្នាំ២០២៤ ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ឯកឧត្តមឯកអគ្គរាជទូត ដែលបានខិតខំប្រឹងប្រែងរ ក្នុងការបន្តពង្រឹង និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិ ការទេសចរណ៍។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការ ប្តេជ្ញាចិត្តក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត តាមរយៈការលើកយ កម្ពស់ការសិក្សា ស្វែងយល់អំពីវប្បធម៌ អរិយធម៌ ការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍ និងទំនាក់ ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង