ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបជាមួយនាយករងជាន់ខ្ពស់ នៃក្រុមហ៊ុន Platform ដើម្បីជជែកលើកិច្ចការងារ រៀបចំយន្តការនានា សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

105

 

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយលោក David Van នាយករងជាន់ខ្ពស់ នៃនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន នៃក្រុមហ៊ុន Platform impact Co., Ltd និងលោក James Brew ទីប្រឹក្សាអន្តរជាតិជាន់ខ្ពស់នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះផ្ដោតការជជែកពិភាក្សាលើកិច្ចការងាររៀបចំយន្តការនានាដើម្បីតាមដាននូវបញ្ហាប្រឈមរបស់វិនិយោគិន ដោយការសម្របសម្រួលស្វែងរកដំណោះស្រាយសមស្របសម្រាប់ភាគីទាំងពីរ ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាវេទិកាថ្នាក់ជាតិ និងជាយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជជែកសន្ទនាជាមួយផ្នែកឯកជន ដើម្បីស្វែងយល់អំពីសំណូមពរ និងបញ្ហាប្រឈមនានាដែលវិស័យឯកជន បានជួបប្រទះក្នុងកិច្ចការអនុវត្តអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

គណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាប្រធាន គឺជាសេនាធិការរួមរបស់ រាជរដ្ឋាភិបាលក្នុងកិច្ចការ សម្របសម្រួលនិងរៀបចំវេទិកានេះ។ ក្រុមការងារតាមវិស័យទាំង១៤ ស្ថិតក្រោមការសម្របសម្រួលពីគណៈកម្មាធិការ នឹងត្រូវបានដឹកនាំដោយផ្ទាល់ពីថ្នាក់ដឹកនាំស្ថាប័នមានសមត្ថកិច្ច ដើម្បីជជែកពិភាក្សា និងស្វែងរកដំណោះស្រាយលើសំណើសុំនានារបស់វិស័យឯកជន៕

 

អត្ថបទដែលជាប់ទាក់ទង