អ.ប.ព. បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៣៦ ពាក្យប្ដឹង
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី២៨ នេះ បានដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្ដេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក.ជ.ប.ព.។
ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងពាក់ព័ន្ធនឹងការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល
មន្ត្រីចំនួន ៧០០ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបាន ការតែងតាំងថ្មីចំនួន ៣៥៧ នាក់ និងមន្ត្រី ៣៤៣ នាក់ ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។
ចំណែកការងារពាក្យប្ដឹង, អ.ប.ព. បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៣៦ ពាក្យប្ដឹង។
អ.ប.ព. បានបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ – លិខិតបទដ្ឋានគតិ យុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ – វាក្យសព្ទគតិយុត្តជាភាសាបរទេស និងទ្រឹស្តី-បច្ចកទេស ក្នុងការប្រើប្រាស់កុំព្យូទ័រសម្រាប់កិច្ចការរដ្ឋបាល ជូនបេក្ខជនដែលបានដាក់ពាក្យប្រឡងក្របខណ្ឌ មន្ត្រីរាជការស៊ីវិល អ.ប.ព. ឆ្នាំ២០២៣ រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំនួន ៤វគ្គ។
អ.ប.ព. បានផ្ដល់បាឋកថាច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ជូនដល់មន្រ្តីរាជការ នៃក្រសួងព័ត៌មាន ចំនួន ៣៥៩ រូប និងបានបញ្ជ្រាបការយល់ដឹងកម្រិតមធ្យមអំពីច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ ជូនដល់មន្រ្តីរាជការ នៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិន មែនធនាគារ (អ.ស.ហ) ចំនួន ៦២ រូប។
អ.ប.ព. បានចុះផ្សព្វផ្សាយដើម្បីអបអរសាទរទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ ឆ្នាំ២០២៣នេះ នៅវិទ្យាល័យ-អនុវិទ្យាល័យ និងសាលាអន្តរជាតិក្នុងរាជធានីភ្នំពេញ ចំនួន ១៤ ដោយមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមជាង ៦.០០០ នាក់។ អ.ប.ព. នឹងបន្តចុះ ផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិនេះនៅតាមវិទ្យាល័យ និងអនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ និង បណ្តាខេត្តនានា ជាបន្តបន្ទាប់ទៀតតាមកាលបរិច្ឆេទ និងកម្មវិធីរបស់ខ្លួនរហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។
អ.ប.ព. បានចាត់តាំងមន្ត្រី អ.ប.ព. រាប់ទាំងមន្ត្រីនគរបាលយុត្តិធម៌ អ.ប.ព. ចំនួន ២៩៧ រូប និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣.០៤០ រូប សម្រាប់សង្កេតការណ៍លើដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីទប់ស្កាត់បាតុភាព មិនប្រក្រតីនានា រាប់ទាំងបាតុភាពនៃអំពើពុករលួយ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ នេះ មានបេក្ខជនប្រឡងចំនួន ១៣៧.៤១២ នាក់ ដោយបែងចែកជា ២២៧ មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់ នៅទូទាំងប្រទេស។ អ.ប.ព. នឹងបណ្តុះបណ្តាលអំពីតួនាទី-ភារកិច្ច និងសិទ្ធិ របស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងច្បាប់ (ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល) សារាចរ ប្រកាស សេចក្តីណែនាំ បទបញ្ញត្តិ ព្រមទាំង លិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តសម្រាប់អនុវត្តក្នុងពេលប្រឡង ដើម្បីធ្វើយ៉ាងណាធានាបាននូវតម្លាភាព យុត្តិធម៌សង្គម និងលទ្ធផលទទួលយកបាន តាមស្មារតី អ្នកចេះ គឺជាប់។
អ.ប.ព. បានចូលរួមសង្កេតការណ៍ការដេញថ្ងៃដាយត្រីលេញ ដាយបង្កង និងការជួលដាយត្រី សម្រាប់រដូវនេសាទឆ្នាំ២០២៣-២០២៤ និងឆ្នាំ២០២៤-២០២៥។ អ.ប.ព. បានចូលរួមសង្កេតការណ៍ និងវាស់វងសាឡង់ដឹកខ្សាច់ នៅខេត្តកណ្តាល និងខេត្តព្រៃវែង។ ក្រៅពីនេះ អ.ប.ព. បានចុះ សង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ៤១ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ១៥ អង្គភាព និង បានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។
អ.ប.ព. បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងវិន័យ និងបញ្ជ្រាបបទបញ្ញត្តិផ្ទៃក្នុងរបស់ អ.ប.ព.ជូនមន្ត្រីរបស់ខ្លួនចំនួន ០២វគ្គ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២១៣ រូប (វគ្គទី១- ចំនួន ១១១ រូប និងវគ្គទី២- ចំនួន ១០២ រូប)។
អ.ប.ព. បានចូលរួមអនុវទិកាផ្លូវសូត្រសស្អាត នៃវេទិកាផ្លូវមួយ ខ្សែក្រវាត់មួយ លើកទី៣ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានោះដែរ អ.ប.ព. និងគណៈកម្មការជាតិ ត្រួតពិនិត្យកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការ ផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ -ទំនាក់ទំនង -ការកសាងសមត្ថភាពមន្ត្រី និងជំនួយផ្នែកច្បាប់ទៅវិញទៅមក ។ល។ គណៈប្រតិភូ អ.ប.ព. ដឹកនាំដោយឯកឧត្តម ឃាង សេង អនុប្រធាន អ.ប.ព. បានអញ្ជើញទៅទស្សនកិច្ចនៅខេត្តហឺណាន ដោយបានផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក និងទទួលនូវសំណូមពរមួយចំនួន ពីគណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិនខេត្តហឺណាននិងគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន៕