កម្ពុជា និងអាហ្សង់ទីន ពិភាក្សាអំពីវិធី និងមធ្យោបាយដើម្បីឆ្ពោះទៅមុខ នូវកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ និងកសិកម្ម
ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការជួបសម្តែងការគួរសមរបស់ ឯកឧត្តម Gustavo Alberto Martino ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋអាហ្សង់ទីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងកម្ពុជា និងសាធារណរដ្ឋអាហ្សង់ទីន និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សម្រាប់ការលើកកម្ពស់នៃទំនាក់ទំនងនេះ។
ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាប្រកបដោយផលិតភាព លើការអនុវត្តផែនទីបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានព្រមព្រៀងគ្នា ក្នុងអំឡុងការពិគ្រោះយោបល់ទ្វេភាគីលើកទីមួយ ហើយបានចែករំលែកការប្តេជ្ញាចិត្តដូចគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានពិភាក្សាអំពីវិធី និងមធ្យោបាយដើម្បីឆ្ពោះទៅមុខនូវកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ និងកសិកម្ម។
ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ តាមរយៈការជួយគ្នាទៅវិញទៅមក នៅក្នុងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ASEAN-MERCOSUR៕