ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសនៃពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្រុងកែប
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៣ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងដល់សាធារណជន ទូទៅឱ្យបានជ្រាបថា ក្នុងយុទ្ធសាស្ត្រជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួង នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងឱកាសនៃពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្រុងកែប ខេត្តកែប។
ក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម ផ្សារភ្ជាប់នឹងទេសចរណ៍នាឱកាសនេះ ក្រសួងសូមអញ្ជើញ ផលិតករ សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុក នាំយកផលិតផលខ្មែរដែលមាន គុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់ល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារ ផលិតកម្ម មកពីគ្រប់ទិសទីនៅទូទាំងប្រទេស មកដាក់តាំងបង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មក្នុង ឱកាសនេះ។
ក្រសួងពាណិជ្ជកម្ម សូមផ្តល់អាទិភាពខ្ពស់លើផលិតផល និងសេវាទើបនឹងបង្កើតថ្មី មានគំនិត ច្នៃប្រឌិតខ្ពស់ ដែលម្ចាស់អាជីវកម្មមានបំណងចូលរួមតាំងបង្ហាញស្នាដៃរបស់ខ្លួន សូមប្រញាប់រួសរាន់មកដាក់ ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មសូមអញ្ជើញសាធារណជនទូទៅ ចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះកុំបីខកខានឡើយ៕