អភិបាលខេត្តកោះកុង បានស្នើសុំឲ្យសមត្ថកិច្ចចាប់ខ្លួនជនវាយសម្លាប់សត្វឈ្លូស ១ក្បាល យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង
កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ប្រកាសផ្តល់ថវិកា៣លានរៀល ដល់អ្នកផ្តល់ព័ត៌មានពីអត្តសញ្ញាណជនសង្ស័យដែលវ៉ៃសម្លាប់សត្វឈ្លូសនៅឆ្នេរសមុទ្រកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច។
អភិបាលស្រុកគិរីសាគរ កាលពីរសៀលថ្ងៃចន្ចបានបញ្ជាឲ្យមន្ត្រីជំនាញស្រាវជ្រាវរកមនុស្សមួយក្រុម ដែលវាយសម្លាប់សត្វឈ្លូស ១ក្បាល ដែលកំពុងហែលទឹកសមុទ្រ នៅចំណុចឆ្នេរកុកហាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
លោកជំទាវ មិថុនា ភូថង នៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២៣ នេះបានចេញសារនៅលើ facebook ផ្លូវការ សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគប្បី ខ្វះ សីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត ដែលបានយកដំបងជ្រុងវាសំពងក្បាលកូនឈ្នួសដែលកំពុងហែលទឹកទៅរកដីគោក បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។
ពាក់ព័ន្ធករណីខាងលើ លោកជំទាវ មិថុនា ភូថង ថ្លែងលើកទឹកចិត្តជាថវិកាចំនួន ៣,០០០,០០០រៀល (បីលានរៀល) ដល់អ្នកដែលបានផ្តល់ ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើ អមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។
អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
លោកជំទាវអភិបាលខេត្តក៏បានស្នើឱ្យសមត្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ៕រ