ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ បានលើកឡើងជា សំណើរសំណូមពរជាច្រើនពាក់ព័ន្ធ ទៅនឹងការស្នើសូមអោយអាជ្ញាធរ ជួយអន្តរាគមន៍លើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោបានលើកឡើងជា សំណើរសំណូមពរជាច្រើនពាក់ព័ន្ធ ទៅនឹងការស្នើសូមអោយអាជ្ញាធរ ជួយអន្តរាគមន៍លើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី សូមដោះស្រាយការលិចលង់លំនៅដ្ឋាន ជាមួយនិងការសុំស្ថាបនាផ្លូវលូ ប្រឡាយផងដែរ ។
ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីតំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅបរិវេណសាលាខណ្ឌដង្កោ។
រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌ ធ្វើការស្រាយបំភ្លឺនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅនឹងកន្លែងបានរួចរាល់។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនៅក្នុងបឹងតាម៉ាតនោះ គឺដោយសារម្ចាស់បុរី
តាម៉ាតនោះ ចាក់ដីលុបរណ្តៅដីបឹងតាម៉ាតនោះមិនបានខ្ពស់ ហើយសាងសង់ផ្ទះ ពោលគឺការ៉ូក្នុងផ្ទះប្រជាពលរដ្ឋ បើធៀបជាមួយកំពស់ទឹកនៅប្រឡាយភូមិម័រ ទៀបជាងកន្លះម៉ែត្រឯណោះ ហេតុនេះហើយ នៅពេលមានភ្លៀងធ្លាក់ម្តងៗ គឺជៀសមិនផុតពីការលិចលង់នោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរនិងមន្ទីរនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដោយយើងនឹងដាក់ឡានបូមទឹក១គ្រឿងដែលមានម៉ាស៊ីនបូមទឹក៦ ដើម្បីបួមទឹកចេញពីលំនៅដ្ឋានរបស់បងប្អូន ។ លោកបន្តថា ជុំវិញការដោះស្រាយនូវការលិចលង់នេះដែរ សម្រាប់រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែតបានជម្រុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះស្រាយធ្វើយ៉ាងណាកុំឲ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញទៀត ។ ចំពោះការងារនេះ ក្រុមការងារនឹងប្រើប្រាស់រយៈពេលឆ្នាំ ៥ឆ្នាំ ហើយក្រោយរយៈពេល៥ឆ្នាំរាជធានីភ្នំពេញ នឹងមិនមានការលិចលង់ទៀតទេ។
លោកមាន ចាន់យ៉ាដា ក៏បានមានប្រសាសន៍លើកឡើងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលស្នើឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដីធ្លីទំហំ៥ហិចតាស្មើនឹងជាង២០០គ្រួសារ លោកស្នើសុំអោយប្រជាពលរដ្ឋ ត្រូវពឹងពាក់មកលើអាជ្ញាធរ សង្កាត់ ខណ្ឌនិងរាជធានីដើម្បីដោះស្រាយ កុំពាក់ព័ន្ធជាមួយសង្គមស៊ីវិលដែលវានឹងធ្វើឲ្យការដោះស្រាយកាន់តែពិបាកនិងវែងឆ្ងាយ។
លោកមាន ចាន់យ៉ាដា បានបញ្ជាក់ផងដែរថា នៅក្នុងវេទិកានេះ មានបងប្អូនប្រជាពលរដ្ឋបានស្នើឡើងនិងសំណូមពរផ្ទាល់មាត់ចំនួន១០នាក់ស្មើនឹង ១៨បញ្ហា ជាលាយលក្ខណ៍អក្សរចំនួន៥៩ច្បាប់ ហើយ
ចំពោះការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនោះបានធ្វើការដោះស្រាយជាបន្តបន្ទាប់។លោកមាន ចាន់យ៉ាដាក៏បានជំរុញឲ្យកងកម្លាំងក៏ដូចជាអាជ្ញាធរ រក្សាឲ្យបាននូវសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ពង្រឹងការផ្ដល់សេវា ជូនប្រជាពលរដ្ឋឲ្យ កាន់តែលឿនឆាប់រហ័ស និងទាន់ពេលវេលា តាមរយៈច្រកចេញចូលតែមួយ ។ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ និងត្រូវផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋឲ្យបានល្អ ពោលគឺធ្វើយ៉ាងណាឱ្យពលរដ្ឋចូលរួមសហការជាមួយយើង នោះការងាររបស់យើងពិតជាទទួលបាននូវភាពជោគជ័យជាក់ជាមិនខាន។
លោកម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាននិងការផ្តល់សេវាសាធារណៈជាដើម ។ លោកបន្តថា សម្រាប់ផែនការ អភិវឌ្ឍរាជធានីភ្នំពេញឆ្នាំ២០២៤ យើងបានដាក់ចេញជាផែនការរួចហើយ មានថវិកាប៉ុន្មាន ទិសដៅអភិវឌ្ឃន៍យ៉ាងណា ហើយក៏បានបង្ហាញ ជូនប្រជាពលរដ្ឋអោយបានដឹង បានឭ និងឃើញតាមរយៈរបាយការណ៍ដែលបានចែកជូន នៅក្នុងវេទិកានេះហើយ ដែរ ៕