ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង
ស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា អមដំណើរដោយឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានអញ្ជើញចុះទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ក្នុងខេត្តស្វាយរៀង រួមមានតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត និងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ។ ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងបន្តចុះទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍បន្តទៀតនារសៀលនេះ។
ទស្សនកិច្ចនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចុះពិនិត្យក្រុមហ៊ុនចំនួន២ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិតរួមមាន៖ ក្រុមហ៊ុន Shane Furniture ដែលជាក្រុមហ៊ុនកម្មន្តសាលគ្រឿងសង្ហារឹម ស្ថិតលើផ្ទៃដីទំហំ ៣៤,៣ហិកតា ជាមួយទុនវិនិយោគប្រមាណ ៤៧លាន និងបានផ្ដល់ឱកាសការងារជូនពលរដ្ឋបានប្រមាណ ១.០៨៧នាក់ និងក្រុមហ៊ុន Califor Upholstery Materials ជាក្រុមហ៊ុនកែច្នៃ និងជ្រលក់ពណ៌ស្បែក ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា ជាមួយទុនវិនិយោគចំនួន១លាន និងបានផ្ដល់ឱកាសការងារជូនពលរដ្ឋចំនួន ២៨៥នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តកិច្ចទស្សនកិច្ចដោយចុះពិនិត្យក្រុមហ៊ុនចំនួន២ផ្សេងទៀត គឺក្រុមហ៊ុន XDS Bicycle ដែលជាក្រុមហ៊ុនដំឡើងកង់ ស្ថិតលើផ្ទៃដីទំហំ១៧ហិកតា ជាមួយទុនវិនិយោគចំនួន១៩លាន ដោយបានផ្ដល់ឱកាសការងារជូនពលរដ្ឋចំនួន ១.៦៣៦នាក់ និងក្រុមហ៊ុន Cart Tire ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្ត ស្ថិតលើផ្ទៃដីទំហំ ៥០ហិកតា ជាមួយទុនវិនិយោគចំនួន៥៩៤លាន និងបានផ្ដល់ឱកាសការងារជូនពលរដ្ឋចំនួន ២.០៥៨នាក់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ៕