ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះករុណា ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” នៅថ្ងៃទី៤ វិច្ឆិកា ២០២៣

50

ភ្នំពេញ៖ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការឡើងវិញ នៅថ្ងៃទី ៤ វិច្ឆិកាខាងមុខនេះ បន្ទាប់ពីចំណាយពេលជួសជុល មួយរយៈធំមក។

នៅរសៀលថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ រួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គវត្ត នៃរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅនាយកដ្ឋានអង្គរក្ស ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ ប្រធាន អនុប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ និងលោកឧត្តមសេនីយ៍ស្នងការរាជធានី-ខេត្ត តាមរយៈកម្មវិធីវីដេអូពីចម្ងាយ។

អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច (ស្ពានបណ្ដែតទឹក) ក្នុងគោលដៅដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ២០២៣ រហូតចប់កម្មវិធី។

អាជ្ញាធរជាតិអប្សរាសូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្ត ជ្រាបថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន គម្រោង អភិរក្ស និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តបានបញ្ចប់រួចរាល់ជាស្ថាពរ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងន័យដើម្បីគ្រប់គ្រងនូវលំហូរការទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អប្រសើរ ក្រោយព្រះរាជពិធី សម្ភោធជាផ្លូវការខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងកំណត់ទិសដៅទស្សនាដូចខាងក្រោម៖

១- ប្រើប្រាស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់ការទស្សនា

២- បន្តប្រើប្រាស់ស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ជាច្រកចេញសម្រាប់ការទស្សនា។

គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ារបស់ប្រទេសជប៉ុន បានឈានដល់ដំណាក់កាលសម្រេចប្រមាណ១០០ភាគរយហើយរហូតមកដល់ពេលនេះ ។

លោក អន សុភាពបុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្ត ឱ្យដឹងថា គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត ដែលចាប់ផ្តើមរយៈពេលជាង៦ខែមកនេះ បានធ្វើការងារជាច្រើនដូចជា រៀបជញ្ជាំង ចាក់បេតុង បុកបង្ហាប់ដីនៅគ្រឹះរបស់កំពង់ទឹកឡើងវិញជាដើមនោះ គឺបានឈានទៅដល់ជិតរួចរាល់។ អ្នកជំនាញរូបនេះបន្តថា ការងារជួសជុលកំពង់ទឹកនេះ គឺដំណាក់កាលដំបូងត្រូវសិក្សាស្រាវជ្រាវ វាយតម្លៃលើការខូចខាត និងវិធីសាស្រ្តជួសជុលតាំងពីឆ្នាំ២០២១មក ចំណែកឯសកម្មភាពជួសជុលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២២ ហើយកំពុងបន្តរហូតមកដល់សព្វថ្ងៃនេះ។

អ្នកជំនាញនៃការងារជួសជុលរូបនេះ បន្តឱ្យដឹងថា កំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត មានការខូចខាតជាខ្លាំង ជាពិសេសរចនាសម្ពន្ធរបស់កំពង់ទឹកផ្នែកខាងជើង។ ចំណែកគ្រឹះផ្នែកត្រង់របស់ស្ពានហាល និងកំពង់ទឹកវិញ គឺថ្មបាយក្រៀមមានសភាពពុកផុយខ្លាំង តាំងពីកាំថ្មទី១ដល់កាំទី៤។ ជញ្ជាំងផ្នែកខាងជើងរបស់ស្ពានហាលទ្រុឌទ្រោមខ្លាំង បានរលុះធ្លាក់ចូលទៅក្នុងកសិន្ធុស្ទើរតែទាំងស្រុង។ ជញ្ជាំងផ្នែកខាងលិច និងខាងកើតក៏មានសភាពហែកចេញពីគ្នាដែរ។ ក្នុងការងារជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្តឡើងវិញនេះ គឺតម្រូវឱ្យរុះរើជញ្ជាំងផ្នែកខ្លះដែលពុកផុយខ្លាំង ហើយចាក់បេតុងផ្នែកខាងក្នុងដើម្បីពង្រឹងគុណភាពជញ្ជាំងឡើងវិញ។ រីឯផ្នែកខាងត្បូងដែលខិតជិតមកផ្នែកត្រង់របស់ស្ពានហាល គឺជញ្ជាំងនៅមានស្ថានភាពល្អ និងបានរក្សាទុកដដែល ដោយគោរពទៅតាមគោលការណ៍ របស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ។

លោក អន សុភាព ឱ្យដឹងទៀតថា កំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត មានទំហំ១២ម៉ែត្របួនជ្រុង និងមានសណ្ឋានដូចគ្នាទៅនឹងកំពង់ទឹកផ្នែកខាងត្បូងដែរ ហើយក្រុមការងារនឹងខិតខំប្រឹងប្រែងជួសជុល ដើម្បីឈានទៅបញ្ចប់នៅបំណាច់ឆ្នាំ២០២២ខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង