ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យ ជិត២០នាក់ បានស្នើសុំអោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួគគាត់ មានទាំងការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំដាក់លូ ធ្វើផ្លូវ
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យជិត២០នាក់បានស្នើសុំអោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួគគាត់ មានទាំងការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំដាក់លូ ធ្វើផ្លូវ ការសុំរឹតបន្តឹងអ្នករើសអាតចាយពេលយប់ ដោះស្រាយការលិចលង់ភូមិដ្ឋាន ការសុំបើកក្លឹបប្រដាល់ ជាមួយនិងការសុំសំអាតបន្ទប់អនាម័យនៅតាមសាលារៀនរដ្ឋជាដើម។
ការលើកឡើងជាសំណើរនិងសំណូមពរ ខាងលើនេះបានធ្វើឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅភោជនីយដ្ឋាន Modern2 ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម។
វេទិកានេះ ប្រជាពលរដ្ឋបានសំណូមអោយជួយដោះស្រាយបញ្ហាជាច្រើន មានដូចជា ការសុំជម្រុញនៃការធ្វើប្លង់កម្មសិទ្ធិដីធ្លី១៧ហិចតា ជូនពលរដ្ឋ៦៨៩គ្រួសារនៅសង្កាត់ស្ទឹងមានជ័យទី១;សុំបើកផ្លូវដែលមានទំនាស់;សុំដាក់លូនៅផ្លូវ៦០ម៉ែត្រនិងផ្លូវជាតិលេខ២;សុំរៀបចំខ្សែភ្លើងអោយមានសោភណ្ឌភាព;សុំរឹតបន្តឹងចំពោះអ្នករើសអាតចាយពេលយប់; សុំដោះស្រាយការលិចលង់ភូមិដ្ឋាន ការសុំធ្វើប្រព័ន្ធ លូ ផ្លូវដែលខូចខាតដោយសារទឹកភ្លៀង សូមជម្រុញអោយធ្វើប្លង់រឹងប្រជាពលរដ្ឋនៅតាមបណ្តាយប្រឡាយស្ទឹងមានជ័យ; ការសុំបើកក្លឹបប្រដាល់របស់សមាគមនដែលត្រូវបានគេបិទ ការសុំសំអាតបន្ទប់អនាម័យនៅតាមសាលារៀន ពិសេសសាលាបឋមសិក្សាជាដើម។
លោកនួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីព្រឹកនេះ មានពលរដ្ឋចូលរួមសរុប ចំនួនជាង៥០០នាក់ ក្នុងចំនួននេះ ប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់មាត់ ចំនួន ១៩នាក់ ស្មេី ២៥បញ្ហា និងជាលាយល័ក្សអក្សរចំនួន៩០ច្បាប់ ។ ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ ទាំង១៩នាក់នេះ ត្រូវបាន អភិបាលខណ្ឌមានជ័យ និងមន្ទីរពាក់ព័ន្ធ ស្រាយបំភ្លឺនិងដោះស្រាយជូនភ្លាមៗ ជាមួយនឹងការបង្ហាញពីគម្រោងដែលប្រជាពលរដ្ឋបានស្នើសុំផងដែរ ដូចជាការស្នើសុំរបស់ប្រជាពលរដ្ឋសុំធ្វើលូ ផ្លូវ ១៦BT ត្រូវបានលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បកស្រាយថា មិនត្រឹមតែស្ថាបនាកំណាត់ផ្លូវមួយខ្សែនេះទេ គឺស្ថាបនាផ្លូវ លូពាក់ព័ន្ធ ជាច្រើនខ្សែទៀត
ដែលជាប់ពាក់ព័ន្ធប្រឡាយបឹងទំពុន ។ បន្ថែមពីនេះទៀត ស្ថានីយបឹងទំពុននិងប្រឡាយបឹងទំពុន ក៏នឹងត្រូវបន្ថែមម៉ាស៊ីន និងពង្រីកតួប្រឡាយពី៣០ម៉ែត្រទៅ៦០ម៉ែត្រផងដែរ ដើម្បីធ្វើយ៉ាងណារំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងអោយខាងតែបាន។
លោកនួន ផារ័ត្ន បានបន្តថា ចំពោះសំណើរសុំដែលមិនទាន់បានដោះស្រាយ យើងនឹងបន្តយកទៅពិភាក្សានិងដោះស្រាយតាមក្រោយទៀត។
លោកនួន ផារ័ត្ន បានលើកឡើងទៀតថា៖ ប្រទេសកម្ពុជាយើង នៅបន្តរក្សាបាន សុខសន្តិភាព សុខសន្តិភាពនេះហើយ ដែលបានធ្វើដោយកម្ពុជាយើងអាចធ្វើជាម្ចាស់ផ្ទះ សំរាប់កម្មវិធីធំៗ ជាក់ស្តែងដូចជា
កិច្ចប្រជុំកំពូលអាស៊ាន ការប្រកួនកីឡាស៊ីហ្គេមជាដើម។ សមិទ្ធផលធំមួយទៀត ដែលកម្ពុជាសំរេចបាននោះ គឺកម្ពុជាឈរជើងយ៉ាងរឹងមាំនិងមិនក្ស័យធន រក្សាបានកំណើតសេដ្ឋកិច្ចថែមទៀត ខណៈពិភពលោកកំពុងឈមបញ្ហាសេដ្ឋកិច្ច បណ្តាលមកពីជម្ងឺកូវីដ-១៩ និងសង្ក្រាមនៅអ៊ុយក្រែនជាដើម។
លោកម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាននិងការផ្តល់សេវាសាធារណៈជាដើម ។ វេទិកានេះ គឺចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ថាតើ បានបំពេញការងារបំរើប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយទេ នៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីអោយប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនិងការផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែល្អប្រសើរថែមទៀត៕