ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាប៊ូលីង ធ្វើមហាសន្និបាតបញ្ចប់អាណត្តិ ដោយរក្សាប្រធានដដែល

949

ភ្នំពេញ៖ថ្ងៃទី១៣ធ្នូម្សិលម៉ិញនេះសហព័ន្ធកីឡាប៊ូលីងកម្ពុជាបានធ្វើមហាសន្និបាត
ទី១ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប៊ូលីងកម្ពុជា អាណត្តិទី២ ឆ្នាំ២០២៣-២០២៧ដោយមានការចូលរួមពីលោកទេសរដ្ឋមន្ត្រីថោងខុនប្រធានគណៈកម្មាធិ
ការជាតិអូឡាំពិកកម្ពុជា។

សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាប៊ូលីងកម្ពុជាអាណត្តិទី២ នេះ គឺមានចំនួន ១១នាក់ដែលដឹកនាំដោយលោកលីសៀងហុងជាប្រធានសហព័ន្ធដដែល, រួមជាមួយអនុប្រធានសហព័ន្ធចំនួន៤រូបគឺលោក អ៊ុក សិទ្ធិជាតិ, លោក ជី សីលា, លោក ប៉ែន វុទ្ធី និងលោក Leon Lim , លោក ឃុន វង្សឺនី អគ្គហេរញ្ញិក, លោក ឆាយ កៀត អគ្គលេខាធិការ និងលោក សុខ អាង ជាអគ្គលេខាធិការរង ព្រមទាំងសមាជិក ៣នាក់ គឺមានលោក ឡាច ច័ន្ទដារ៉ា, អ្នកស្រី ឃួន ស្រីមុំ និងអ្នកស្រី រុន សុភាវី ។

លោកឆាយកៀតបានបញ្ជាក់ថាក្នុងអាណត្តិថ្មីនេះដោយមានយកចិត្តទុកដាក់ពីថ្នាក់
ដឹកនាំ ក្រៅពីការងារសំខាន់ៗ៣ដែលត្រូវពង្រឹងរួមមានការងាររដ្ឋបាលការងារបណ្ដុះបណ្ដាល និងរៀបចំការប្រកួត សហព័ន្ធមានភារកិច្ចដ៏សំខាន់ក្នុងការរៀបចំប្រមូលផ្ដុំក្រុមជម្រើសជាតិ ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិនានាពិសេសគឺត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ និងស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី ដែលម្ចាស់ផ្ទះទាំងពីរ គ្រោងនឹងដាក់កីឡាប៊ូលីងនេះផងដែរ។

លោកទេសរដ្ឋមន្ត្រីថោងខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានផ្ដល់អនុសាសន៍៥ចំណុចដល់សហព័ន្ធកីឡាប៊ូលីងកម្ពុជាដើម្បីជំរុញវិស័យកីឡាក្មេងខ្ចីមួយនេះឲ្យកាន់តែរីកចម្រើនក្នុងអាណត្តិថ្មីរបស់ខ្លួន។អនុសាសន៍ទាំង៥ចំណុចនោះរួមមាន៖
១. រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍកីឡាប៊ូលីង សម្រាប់អាណត្តិទី២ ឆ្នាំ២០២៣-២០២៧ដោយកំណត់ចក្ខុវិស័យបេសកកម្មគោលដៅយុទ្ធសាស្រ្តនិងសូចនាករវាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្តន៍ ត្រួតពិនិត្យ និងវាយតម្លៃ និងប្រភពធនធានសមស្រប។
២.ពង្រឹងអភិបាលកិច្ចល្អសម្រាប់សហព័ន្ធដោយអនុលោមទៅតាមគោលការណ៍មូលដ្ឋានជាសកលស្តីពីអភិបាលកិច្ចល្អរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ រួមមាន៖ តម្លាភាព “Transparency” គណនេយ្យភាព “Accountability” ដំណើរការប្រជាធិបតេយ្យ “Democratic Process” សាមគ្គីភាព “Solidarity” និងស្វ័យភាព “Autonomy”។
៣. រៀបចំអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម (Talent Identification Program) សម្រាប់ អត្តពលិកយុវជនថ្នាល និងអត្តពលិកកម្រិតខ្ពស់ (High Performance) ដើម្បីឈានទៅធ្វើការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ និងស៊ីហ្គេម ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី។

៤.ពង្រឹងនិងពង្រីកក្លិបកីឡាប៊ូលីងនៅកម្ពុជាតាមរយៈការជំរុញបង្កើនការចូលរួមសម្រាប់យុវជន ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាប៊ូលីងទាំងបរិមាណ និងគុណភាព។
៥.រៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសនិងមន្ត្រីរៀបចំការប្រកួតដើម្បីធានានូវការរៀបចំព្រឹត្តិការណ៍ប្រកួតជាលក្ខណៈជាតិនិងអន្តរជាតិប្រកបដោយគុណភាពខ្ពស់ដោយអនុលោមតាមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាប៊ូលីងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង