ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Hun Sen Cupឈានដល់វគ្គ៨ក្រុមចុងក្រោយ

47

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun SenCup) លើកទី១៧ឆ្នាំ២០២៣-២០២៤(ថ្នាក់ជាតិ)បានរកឃើញបេក្ខភាពវគ្គ៨ក្រុមចុងក្រោយជាផ្លូវ
ការហើយ បន្ទាប់ពីបឹងកេត ណាហ្គាវើលដ៏ គិរីវង់សុខសែនជ័យ និងក្រុមព្រៃវែងអេហ្វស៊ី បានយកឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងជំនួបកាត់សេចក្ដីជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ។
ក្រុមបឹងកេតគឺបានយកឈ្នះក្រុមសៀមរាបអេហ្វស៊ីដោយលទ្ធផល៤ទល់០ក្នុងជំនួបជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីជើងទី១ លេងស្មើគ្នា ១ទល់១ លើទឹកដីខេត្តសៀមរាប។គ្រាប់បាល់ជ័យជំនះនេះរកបានដោយកីឡាករចាន់វឌ្ឍនាកា,GoluboGulubovic Stefan, ជា វេសលី និងកីឡាករ ម៉ាត់ នូរុណ ម្នាក់ ១គ្រាប់ដូចគ្នា។
ចំពោះក្រុមណាហ្គាបានបន្ដយកឈ្នះក្រុមអង្គរថាយហ្គឺរ១ទល់០ក្នុងជើងទី២នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ សរុបលទ្ធផលទាំង ២ជើង អតីតក្រុមជើងឯក ឆ្នាំ២០១៣ នេះ បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ៦ទល់១ បន្ទាប់ពីជើងទី១ ណាហ្គា បានយកឈ្នះអង្គរថាយហ្គឺរ ក្រៅដីរហូតដល់ ៥ទល់១។
ក្រុមគិរីវង់សុខសែនជ័យ បានទម្លាក់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤ទល់២ បន្ទាប់ពីសរុបលទ្ធផលជួបគ្នា ២ជើង ស្មើគ្នា ៤ទល់៤។ កាលពីជើងទី១ គិរីវង់ បានរងបរាជ័យក្នុងដី ២ទល់៣ តែជើងទី២ ពួកគេបានយកឈ្នះក្រៅដីវិញ ២ទល់១ ដែលនាំឲ្យក្រុមទាំងពីរ មានគ្រាប់បាល់ស្មើគ្នា និងឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីតែម្ដង។
ក្រុមព្រៃវែងអេហ្វស៊ីក៏ស្រដៀងនឹងក្រុមគិរីវង់ដែរដោយបានវាយបកយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ២ទល់០ក្នុងជំនួបជើងទី២លើទឹកដីរបស់ខ្លួនដែលគ្រប់គ្រាន់ដើម្បីបញ្ចប់ឱកាសក្រសួងមហាផ្ទៃ ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីសរុបលទ្ធផល ២ជើង ព្រៃវែងអេហ្វស៊ីទទួលបានជ័យជម្នះក្នុងលទ្ធផល២ទល់១ដ្បិតកាលពីជើងទី១ក្រសួងមហាផ្ទៃបានយកឈ្នះក្នុងដីត្រឹម ១ទល់០ ប៉ុណ្ណោះ។
សម្រាប់វគ្គ១/៤ផ្ដាច់ព្រ័ត្រក្រុមបឹងកេតគឺត្រូវជួបក្រុមISIដង្កោសែនជ័យខណៈដែលណាហ្គាវើលដ៏ត្រូវជួបក្រុមកំពូលតារាងលីគកំពូលព្រះខ័នរាជស្វាយរៀង។ក្រុមគិរីវង់សុខសែនជ័យត្រូវជួបក្រុមខ្លាំងភ្នំពេញក្រោននិងក្រុមព្រៃវែងអេហ្វស៊ីត្រូវជួបក្រុមការពារតំណែកជើងឯកវិសាខា។
សម្រាប់វគ្គ ១/៤ ផ្ដាច់ព្រ័ត្រនេះដែរ នឹងធ្វើការប្រកួត ២ជើងដូចគ្នា ដោយជើងទី១ គ្រោងប្រកួតនាថ្ងៃទី០៧ ខែកុម្ភៈ និងជើងទី២ ប្រកួតនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង