ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអត្តពលិកជម្រើសជាតិទូកកម្ពុជាហ្វឹកហាត់ នៅទន្លេវ៉ៃគោខេត្តស្វាយរៀង ពង្រឹងសមត្ថភាពសត្រៀមការប្រកួត SEA GAME នៅថៃ

72

ខេត្តស្វាយរៀង៖កាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោក សរ សិទ្ធិ អនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាតំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានដឹកនាំគណៈប្រតិភូសហព័ន្ធកីឡាទូក ចូលរួមកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀងដឹកនាំដោយលោក សុខ រស់ អភិបាលរងខេត្ត តំណាង អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងទីតាំងហ្វឹកហាត់របស់ក្រុមកីឡាករ-កីឡាការិនីទូកកម្ពុជានៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមលិខិតរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡាផ្ញើជូនសហព័ន្ធកីឡាជាតិទំាងអស់ដែលមានសិទ្ធិចូលរួមប្រមូលផ្តុំក្រុមកីឡាករ-កីឡាការិនីក្នុងក្រុមជម្រើសជាតិចាប់ពីថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២៤ នេះតទៅ ថ្នាក់ដឹកនាំសហព័ន្ធក៏បានចុះទៅ និងពិភាក្សាគ្នាសិក្សាអំពីទីតាំងសម្រាប់ការកសាងកន្លែងស្នាក់នៅជាអចិន្រ្តៃយ៍របស់ក្រុមជម្រើសជាតិកីឡាទូកកម្ពុជា និងចុះពិនិត្យមើលទីកន្លែងស្នាក់នៅជាបណ្តោះអាសន្ន របស់ក្រុមជម្រើសជាតិកីឡាទូកកម្ពុជាមកធ្វើការហាត់ហ្វឹកហ្វឺននៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
កាលថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៤ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ ២០២៤-២០២៨ លើកទី១ ឆ្នាំ២០២៤ ។
លោកអភិសន្តិបណ្ឌិតបានលើកឡើងហ្វឹកហាត់របស់កីឡាករ-កីឡាការិនីឲ្យមានសក្កានុពលក្នុងការប្រកួតប្រជែង និងពង្រឹងសមត្ថភាពសត្រៀមការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និងកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ទន្ទឹមនោះសម្រាប់ការប្រមូលផ្តុំហ្វឹកហាត់របស់កីឡាករ-កីឡាការិនីប្រចាំឆ្នាំនេះ លោកនឹងស្វែងរកកន្លែងសមគួរ ដើម្បីសាងសងកន្លែងស្នាក់សម្រាប់ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីទូកជាទិសដៅហ្វឹកហាត់ថ្មីនៅខេត្តស្វាយរៀង។ លោកក៏បានរំលឹកទៅដល់ថ្នាក់ដឹកនាំទូកទទួលបន្ទុកលើកម្មវិធីហ្វឹកហាត់ និងបណ្តុះបណ្តាលត្រូវយកចិត្តទុកដាក់លើតាមដានមើលការហ្វឹកហាត់ជាប្រចាំ ក្នុងនោះក៏មានការធ្វើតេសកីឡាករការិនីជាប្រចាំផងដែរ។

អត្ថបទដែលជាប់ទាក់ទង