ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ កសាងសំណុំរឿង និងបញ្ជូនឈ្មោះ ឃុត វី ទៅតុលាការខេត្តព្រះវិហារ ដែលទន្ទ្រាន កាន់កាប់ដីរដ្ឋ ដោយទុច្ចរិត

38

 

ភ្នំពេញ ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មានពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានកសាងសំណុំរឿង និងបញ្ជូនឈ្មោះ ឃុត វី ទៅតុលាការខេត្តព្រះវិហារ ដែលទន្ទ្រាន កាន់កាប់ដីរដ្ឋ ដោយទុច្ចរិត ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បើកកិច្ចប្រជុំ អាណត្តិទី៣ លើកទី៣៣នេះ បានដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធានក.ជ.ប.ព.។

បើតាមរបាយការណ៍របស់ អ.ប.ព. បានបញ្ជាក់ថា មន្ត្រីចំនួន ២៣៩នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១៥៥នាក់ និងមន្ត្រី ៨៤នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើក ចុងក្រោយដោយមូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ។

អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៥៤ ពាក្យប្ដឹង។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកកម្ពស់ជួយដល់ការបញ្ជូនលិខិតស្នាម ពី ខេត្តនានាមក អ.ប.ព. ដោយមិនគិតប្រាក់ និងធ្វើឲ្យបានលឿនបំផុត តាមរយៈការចុះអនុស្សារណៈនៃ ការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានប្រតិបត្តិការរបស់ អ.ប.ព. កាលពីថ្ងៃទី១២ ខែ មិនា ឆ្នាំ ២០២៤។

អ.ប.ព. បានចូលរួមសង្កេតការណ៍ការប្រឡង ចំនួន ៣លើក រួមមាន៖ ការប្រឡងជ្រើសរើស មន្ត្រីរាជការចូលបំរើការងារក្នុងក្របខណ្ឌ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងក្រសួងសាធារណការនិងដឹកជញ្ជូន។ អ.ប.ព. សង្កេតឃើញថាដំណើរការប្រឡង ទាំង៣លើកនេះ ស្ថិតក្រោមការដឹកនាំរបស់ក្រសួងមុខងារសាធារណៈ ជាពិសេសក្រោមការដឹកនាំ ផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ចាប់តាំងពីការរៀបចំនីតិវិធីប្រឡង ដំណើរការប្រឡង ដំណើរការកំណែ ការស្រង់-បូកពិន្ទុ និងការប្រកាសលទ្ធផលស្ថាពរ បានប្រព្រឹត្តទៅដោយរលូន និងសហការយ៉ាងល្អជាមួយ អ.ប.ព. នៅគ្រប់ ដំណាក់កាលទាំងអស់។

អ.ប.ព. ក៏បានចុះសង្កេតការណ៍លើលទ្ធកម្មសាធារណៈ ចំនួន ១១៧ គម្រោង របស់អង្គភាព លទ្ធកម្ម ចំនួន ៤២ អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាម សំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

អ.ប.ព. បានធ្វើការបណ្តុះបណ្តាល ជំនាញកុំព្យូទ័រ លើកម្មវិធី Ms Word & Ms Excel ដល់មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីក្របខណ្ឌសរុបចំនួន ១៧៦នាក់។

អង្គភាពក៏បានបញ្ជូនមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅអង្គភាព ចំនួន៧រូប ផ្សេងទៀត ក្នុងនោះ៤រូប ក្នុងវគ្គវិក្រឹតការនៅសាលាភូមិន្ទរដ្ឋបាល និង៣រូប ក្នុងវត្តភាពជាអ្នកដឹកនាំនិងនវានុវត្ត ជំនាន់ទី៦ (តាមប្រពន្ធ័អនឡាញ) ដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាល។

ថ្នាក់ដឹកនាំ និងមន្ត្រី អ.ប.ព. សរុបចំនួន ៥០រូប បានចូលរួមសិក្ខាសាលាតាមប្រពន្ធ័ អនឡាញ របស់អ្នកជំនាញ៣រូប នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (The Organization for Economic Cooperation and Development, OECD) លើប្រធានបទ ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ ដោយផ្តោតលើទិដ្ឋភាពបីរួមមាន៖ (១)-ការគ្រប់គ្រងប្រពន្ធ័ សុចរិតភាពសម្រាប់ប្រទេស (២)-សូចនករវាស់វែងពីសុចរិតភាព (៣)-ការគ្រប់គ្រងទំនាស់ផល ប្រយោជន៍ នៅអង្គភាពប្រឆាំងអំពើពុករលួយ។

គណៈប្រតិភូ អ.ប.ព. ចំនួន៧រូប ដឹកនាំដោយ ឯកឧត្តម ម៉ូវ ម៉ាណែត អមដោយសាមាជិក ប្រតិភូចំនួន៦រូបរួមមាន៖ (១)- លោក ហ៊ូ ស្ថាបនា (២)- លោកស្រី ស៊ិន សុភាព (៣)- លោក ចំរើន បញ្ញា (៤)- កញ្ញា ថោង រតនា (៥)- លោក អ៊ុក វណ្ណារិទ្ធ (៦)- លោក ម៉ី កូឡាំង បានចូលរួមកិច្ចប្រជុំ ក្នុងវេទិការសកលឆ្នាំ២០២៤ នៅទីក្រុងប៉ារីស (បារាំង) កាលពីថ្ងៃទី២៦និង២៧ ខែមិនា ឆ្នាំ២០២៤ ដែលរៀបចំដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ក្រោមមូលបទ “ការជម្រុញគោលនយោបាយសុចរិតភាព និងការពង្រឹងក្របខណ្ឌប្រឆាំងអំពើពុករលួយ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដោយមានកិច្ចប្រជុំពិភាក្សា ចំនួន៦ក្រុម ផ្សេងគ្នាដូចខាងក្រោម៖ • ការពិភាក្សាអំពីនិន្នាការដែលកំពង់កើតឡើង ដើម្បីប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ និងការ លើកកម្ពស់សុចរិតភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក • ការបង្កើនភាពធន់ និងអំពើពុករលួយ ដោយពិភាក្សាលើបញ្ហាប្រឈមនិងមេរៀនដែលទទួលបាន • ការពង្រឹងកិច្ចខិតខំជាតិ និងពហុភាគី ដើម្បីដោះស្រាយហានិភ័យនៃអំពើពុករលួយ• ការលើកកម្ពស់សុចរិតភាពធុរកិច្ច• ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ និងការបង្ហាញទ្រព្យសម្បត្តិ សម្រាប់សុចរិតភាព សាធារណៈ• កិច្ចសន្ទនាជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិស្តីពីសុចរិតភាព និងការប្រយុទ្ធប្រឆាំងអំពើពុក រលួយ

ករណីអង្គភាពកសាងសំណុំរឿងនិងបញ្ជូនឈ្មោះ ឃុត វី ទៅតុលាការខេត្តព្រះវិហារ ដែលទន្ទ្រាន កាន់កាប់ដីរដ្ឋ ដោយទុច្ចរិត ដូចជាសាំលិខិតកាន់កាប់ ប្តឹងទៅតុលាការច្រើនសារលើ ១៣ គ្រួសារ ក្នុង នោះមានគ្រួសារអនុសេនីយត្រី រដ្ឋ ទីណា យោធាការពារព្រំដែន។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏បានស្តាប់ការរាយកាណ៍លំអិតអំពីករណីមួយចំនួនដូច ជា ករណីប្រឡង ករណីគ្រឿងញៀន បទល្មើសព្រៃឈើ បទល្មើសរ៉ែ ការទន្ទ្រាព្រៃលិចទឹកបឹងទន្លេសាប ការទន្ទ្រានដីព្រៃ ករណីថ្នាក់ដឹកនាំនិងមន្ត្រីអ.ប.ព. ដែលរងការប្តឹងចោទប្រកាន់ រាប់ទាំងការបប្តឹង បរិហារពីបណ្តាញសង្គមផង។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិភាក្សា និងផ្តល់អនុសាសន៍លើការរាយការណ៍របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធាន អ.ប.ព. អំពីសភាពការណ៍ពាក្យប្ដឹង សភាពការណ៍ មូលដ្ឋាន និងកិច្ចការផ្សេងៗទៀតរបស់អង្គភាពដែលត្រូវអនុវត្តនាពេលខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង