ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទេសរដ្ឋមន្ត្រីកែវ រ៉េមី ៖ការប្រកួតនេះធ្វើឡើងដើម្បីពង្រឹកសមត្ថភាពអត្តពលិកវ័យក្មេងតេក្វាន់ដូ ITF ជាអ្នកបន្តវេន

85

ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបិទការប្រកួតកីឡាតេក្វាន់ដូ ITF សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក កែវ រ៉េមី បានមានប្រសាសន៍ថា ពិតជាមានក្តីរីករាយខ្លាំងណាស់ ដែលបានឃើញពីការបញ្ចេញអស់ពីសមត្ថភាពរបស់កីឡាករ កីឡារិនីវ័យក្មេងៗ ប្រកបដោយក្តីសង្ឃឹម ដែលជាអ្នកបន្តវេនកីឡាតេក្វាន់ដូ ITF កម្ពុជា។ ខ្ញុំមានសេចក្តីត្រេកអរ ដោយបានឃើញអ្នកបន្តវេនរបស់កីឡាករ កីឡាការិនីវ័យក្មេងលើប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលជាទំពាំងស្នងឫស្សី ដោយបង្ហាញសមត្ថភាពល្អសឹងមិនគួរឲ្យជឿ។
អ្នកបន្តវេនទាំងអស់នឹងបន្តត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយជូនជាតិក្នុងកម្រិតអាស៊ី និងពិភពលោក នាថ្ងៃអនាគត។ ទំពាំងស្នងឫស្សីនេះ យើងមិនអាចភ្លេចនូវការដឹងគុណចំពោះសម្តេចតេជោ អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបន្តមកដល់សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ ដោយជួយគាំទ្រដល់ការអភិវឌ្ឍដល់កីឡាតេក្វាន់ដូ ITF កម្ពុជា ក៏ដូចជាគ្រប់ប្រភេទកីឡាទាំងអស់»។
លោកប្រធានសហព័ន្ធ បានកោតសរសើរចំពោះកីឡាករ-កីឡារិនី ព្រមទាំងឪពុកម្តាយ អាណាព្យាបាលទាំងអស់ ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ និងគាំទ្រដល់កូនៗរបស់ខ្លួន ដើម្បីបន្តបណ្តុះបណ្តាលថ្នាលបន្តវេនតទៅថ្ងៃអនាគត។ ការហ្វឹកហាត់កីឡានាំឱ្យមានសុខភាពល្អ មានស្មាតីរឹងមាំ ព្រមទាំងការគោរពវិន័យបានល្អប្រសើរផងដែរ។ ប្អូនក្មួយៗមិនតែមានសមត្ថភាពល្អទាំងវ័យក្មេងប៉ុណ្ណោះទេ ថែមទាំងមានចិត្តស្រឡាញ់គ្នាក្នុងនាមជាកីឡាករ-កីឡាការិនីដូចគ្នា។
ជាក់ស្ដែងនៅពេលមានការប៉ះពារតែងមានការជួយលើកគ្នាញញឹមសប្បាយរីករាយ ដែលនេះស្ដែងឱ្យឃើញពីទឹកចិត្តល្អប្រពៃក្នុងចំណងមិត្តភាព តាមរយៈការប្រកួតកីឡា»។ ចំណុចសំខាន់មួយទៀត គឺអ្នកហាត់គុនទាំងអស់អាចការពារខ្លួនឯងបាន ហើយសូមបន្តការខិតខំរៀនសូត្រនៅសាលា ដោយត្រូវខំរៀនផង និងខំហ្វឹកហាត់ក្បាច់គុនផង។
ជុំវិញការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ លើប្រភេទកីឡាតេក្វាន់ដូ ITF នេះ ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបញ្ជាក់ជូនថា ការតេក្វាន់ដូ ITF នេះមាន១១រាជធានី-ខេត្តបានចូលរួម ដោយមានកីឡាករ កីឡាការិនីសរុប ៦៣នាក់ ក្នុងនោះកុមារា ៣៤នាក់ និងកុមារីចំនួន២៩នាក់។
ក្រោយការប្រកួតយ៉ាងស្វិតស្វាញលើវិញ្ញាសាចំនួន៨ ជ័យលាភីរួមមាន៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរីឈរលេខ១ដោយដណ្តើមបានមេដាយមាស២គ្រឿង ប្រាក់១គ្រឿង, មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែងឈរនៅលេខរៀងទី២ ដោយទទួលបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ២ ខណៈមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំឈរនៅលេខរៀងទី៣ ដោយទទួលបានមេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង